ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​នគរបាល​ខេត្តបាត់ដំបងឃាត់ខ្លួនមនុស្ស១៨នាក់ខណៈបង្ក្រាប​ទីតាំង​ល្បែងស៊ីសង

ចែករំលែក៖

ខេត្តបាត់ដំបង​៖ មនុស្សចំនួន១៨នាក់ត្រូវបានកម្លាំង​នគរបាល​ខេត្តបាត់ដំបង ចាប់ឃាត់ខ្លួន ខណៈដែលកម្លាំងនគរបាលបាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​កត់​លេខឆ្នោត​ចំនួន ៤​កន្លែង កាលពី​រសៀល ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៨ ម្សិលមិញ ក្នុងស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក នៃ​ខេត្តបាត់ដំបង​។​

លោក​វរសេនីយ៍ត្រី ឈឿង គឹម​សុង នាយរង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលបាន​ឃាត់១៨​នាក់ ក្នុងនោះ​អ្នកលក់​ចំនួន ៥​នាក់ និង​អ្នកចាក់លេងល្បែងចំនួន១៣នាក់ដកហូត​វត្ថុតាង​មួយចំនួន បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​។​

លោក ប្រាប់ឱ្យដឹងទៀតថា ដោយ​អនុ​វត​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព ក៏ដូចជា​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោកឧត្តមសេនីយ៍ស្នងការ ក្នុងវិធានការ​បង្ក្រាប​ទប់ស្កាត់​រាល់​បទល្មើស​ ​និង​ល្បែងស៊ីសង​ខុសច្បាប់​នៅខេត្តបាត់ដំបង។លោក​ក៏បាន​ណែនាំ​ទៅដល់​ក្រុម​មេ​លក់​កន្ទុយ​លេខឆ្នោត និង​ចាក់​ទាំង​១៨​នាក់ ឲ្យ​បញ្ឈប់​សកម្មភាព​ប្រព្រឹត្ត​លក់ និង​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ចាប់ពី​ថ្ងៃនេះ​តទៅ ព្រោះ​គ្រប់​ល្បែងស៊ីសង​ទាំងអស់ វា​ជា​អំពើ​ខុសច្បាប់និងបានបង្កឱ្យប៉ះពាល់សង្គមផងដែរ។

បច្ចុប្បន្ន​ជន​ដែល​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដើម្បី​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​ទើប​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕ សំ វិច្ឆិកា

 

 


ចែករំលែក៖