ខេត្តក្រចេះ៖ ស្នងការនករបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានមានប្រសាសន៍ថា មានគ្រឿងញៀនទម្ងន់ជាង ២គីឡូក្រាមហើយ ដែលត្រូវបាននគរបាលការិយាល័យជំនាញ សហការជាមួយនគរបាលជំនាញស្រុក ក្រុង ក្រោមការសម្រមសម្រួលពីស្ថាប័នអយ្យការខេត្ត បានចុះស្រាវជ្រាវចាប់បង្ក្រាបបាន ជាមួយនិងជនជាមុខសញ្ញាជួញដូរប្រុសស្រីជាច្រើននាក់ ក្នុងអំឡុងរយៈពេលជាង ១ខែមកនេះ ក្នុងករណីបង្ក្រាប ២ករណី ផ្សេងគ្នា ។
បង្ក្រាបជនសង្ស័យគ្រឿងញៀនប្រុសស្រី ចំនួន ៤នាក់ ដែលបានធ្វើឡើងពីនគរបាលជំនាញ កាលពីថ្ងៃទី៣១ ខែមករា នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ក្នុងនោះ មានជនប្រុសស្រី ៤នាក់ ត្រូវបានចាប់ខ្លួនជាមួយនិងគ្រឿងញៀនទំងន់ជាង ១គីឡូក្រាម ។
ជនសង្ស័យគ្រឿងញៀន ៣នាក់ ត្រូវបានកម្លាំងនគរបាលឆ្មក់បង្ក្រាបនៅក្នុងព្រៃមួយកន្លែងក្នុងឃុំព្រែក សាម៉ាន់ ស្រុកឆ្លូង ។ ក្រោយការចាប់ខ្លួនលើជនសង្ស័យទាំង ៣នាក់នេះបាន កម្លាំងនគរបាលបានបន្តចាប់ខ្លួនស្ត្រីមេគ្រឿងញៀនធំបានម្នាក់ទៀតឈ្មោះ រី ហ្វីអះ អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅក្នុងលំនៅឋានមួយកន្លែង និងបានដកហូតថ្នាំញៀន ៧៩ កញ្ចប់ធំ ។
គ្រឿងញៀនដែលបានដកហូតពីជនជាមុខសញ្ញាទាំង ៤នាក់នេះ មានទំងន់ជាង ១គីឡូក្រាម ។ ជនទាំងនេះ រួមទាំងវត្ថុតាង ត្រូវបាននាំមកការិយាល័យ ដើម្បីបន្តសំណុំរឿងទៅតុលាការ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក