ភ្នំពេញ៖ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ផ្សារកណ្ដាលទី១ ឃាត់ខ្លួនបុរសជនជាតិអូស្រ្តាលីម្នាក់ បន្ទាប់ពីធ្វើសកម្មភាពវាយបុរសជនជាតិជប៉ុនម្នាក់ ពេលកំពុងផឹកស៊ីក្នុងហាងបារាំងយីហោ ឡូកូ ភ្លាមនោះកម្លាំងសមត្ថកិច្ចនៅក្បែរកន្លែងកើតហេតុចាប់ឃាត់ខ្លួនតែម្តង ។
ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខ ហាងបារាំងយីហោ ឡូកូ ផ្ទះលេខ៣១ ផ្លូវលេខ១៣០ ភូមិ១៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនដៃដល់ម្នាក់ ឈ្មោះ MORRISH STEVEN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ អូស្ត្រាលី មុខរបរ បុគ្គលិកក្រុមហ៊ុនSMCS ស្នាក់នៅផ្ទះលេខ ៣៦ ផ្លូវM២២ សង្កាត់និរោធន៏ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ កាន់លិខិតឆ្លងដែនលេខPE0393953 ពីបទ ហិង្សាដោយចេតនា(យកដៃវាយបណ្តាលអោយរបួស) ។ ចំណែកជនរងគ្រោះ ឈ្មោះ ISODA HIROSHI ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ទេសចរណ៍ ជនជាតិ ជប៉ុន កាន់លិខិតឆ្លងដែនលេខ TK2610184 ស្នាក់នៅផ្ទះ១៩ ផ្លូវលេខ៤៤០ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យរងរបួស ចំផ្ទៃមុខ ប៉ោងភ្នែក បែកក្តោងច្រមុះ ហូរឈាម ។
បច្ចុប្បន្ន ជនសង្ស័យស្ថិតនៅអធិការដ្ឋានខណ្ឌដូនពេញ ដេីម្បីកសាងសំណំុរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំចាត់តាមនិតិវិធីនៃច្បាប់ ៕ស តារា