ភ្នំពេញ៖ យុវជនចិត្តខ្មៅម្នាក់ បានប្រើកាំបិតផ្គាក់ កាប់ទៅលើឪពុកបង្កើតបណ្ដាលឲ្យរបួស៧ថ្នេរ និងគំរាមថាសម្លាប់ ហើយពេលសមត្ថកិច្ចចុះទៅអន្តរាគមន៍ យុវជនរូបនោះបានទាញកាំបិតកាប់ទៅលើសមត្ថកិច្ចទៀត សំណាងល្អគេចទាន់ ។
ករណីហិង្សាក្នុងគ្រួសារដែលបង្កឲ្យមានរបួសស្នាមខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃសុក្រ ០២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនករណីខាងលើ មានឈ្មោះ ផុន រ៉ាស៊ី ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបររត់តុការ មានទីលំនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាកូនប្រុសបង្កើត របស់ជនរងគ្រោះ) ។ចំណែកជនរងគ្រោះមានឈ្មោះ ផុន សុផល ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ អញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ) ។
វត្ថុតាងចាប់យក៖ ១.កាំបិតផ្គាក់ដងឬស្សីប្រវែង៦០សង់ទីម៉ែត្រ មួយ, ២.ចបដងឈើមូល ប្រវែង៧០សង់ទីម៉ែត្រមួយ ,៣.សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
តាមសេចក្ដីរាយការណ៍ពីនគរបាលខណ្ឌដង្កោ បានឲ្យដឹងទៀតថា ៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី ជនសង្ស័យ ឈ្មោះ ផុន រ៉ាស៊ី (ត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះ) បានយក កាំបិតផ្គាក់ដងឬស្សីប្រវែងប្រហែល៦០សង់ទីម៉ែត្រ កាប់ទៅលើជនរងគ្រោះឈ្មោះ ផុន សុផល (ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យ) បណ្តាលឲ្យត្រូវចំ ប្រអប់ដៃខាងស្តាំរបួសដេរចំនួន០៧ថ្នេរ ស្ថិតនៅភូមិអញ្ចាញ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ខឹងដោយសារជនសង្ស័យបានបាត់កាបូបដាក់លុយដែលទុកនៅក្នុងហោ ប៉ៅខោខាងស្តាំ ហើយក្នុងកាបូបនោះមានលុយខ្មែរចំនួន១១៥០០រៀល និងស៊ីមទូរស័ព្ទ មួយ ។
ពេលនោះជនរងគ្រោះឈ្មោះ ផុន ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ (ត្រូវជាប្អូនស្រី បង្កើតរបស់ជនសង្ស័យ) បានដើរចូលមកផ្ទះកើតហេតុខាងលើដើម្បីយកសម្លៀកបំពាក់ ឲ្យឈ្មោះ ផុន សុផល (ត្រូវជាឪពុកបង្កើត) ដែលរងរបួសដៃទៅសម្រាកនៅមន្ទីរពេទ្យ ហើយជនសង្ស័យឃើញក៏បានស្រែកគំរាមជនរងគ្រោះឈ្មោះ ផុន ស្រីនិច ថា ដើរចេញ ឲ្យឆាប់ទៅប្រយ័ត្នអញកាប់ងាប់ម្នាក់ទៀត រួចជនរងគ្រោះឈ្មោះ ផុន ស្រីនិច ក៏បានខ្ចី ម៉ូតូអ្នកភូមិ០១គ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប៊ិច មិនស្គាល់ស្លាកលេខ និងលេខតួ លេខម៉ាស៊ីន ជិះមកប្តឹងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានថ្ម បានចុះទៅដល់កន្លែងកើតហេតុខាងលើ ហើយក៏ត្រូវជនសង្ស័យបានយកចបដងឈើមូលប្រវែង៧០សង់ទីម៉ែត្រដេញកាប់សមត្ថកិច្ចតែកាប់មិនត្រូវ រួចបានរត់គេចខ្លួនបានចំងាយប្រហែល៥០០ម៉ែត្រ ទើបសមត្ថកិច្ចយើង បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្ពានថ្ម តាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនសងសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ ភារ៉ា ដង្កោ