ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូធុនធំបុកជាមួយរថយន្តLexus ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅក្បែរសណ្ឋាគារសុខា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងបួសធ្ងន់ ខណៈបើកម៉ូតូធំឌុបគ្នាជ្រុលចង្កូតទៅបុកជាមួយរថយន្ត នៅចំណុចខាងជើងសណ្ឋាគារសុខា ស្ថិតតាមផ្លូវទន្លេសាប ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ ដែលហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ជាង២ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងហេតុបានឲ្យដឹងថា​ ជនរងគ្រោះទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ដោយជិះម៉ូតូធំ ម៉ាក YAMAHA R6 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1FO-8588 ។ ចំណែករថយន្តម៉ាក ឡិចស៊ីស GX-470 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-8207 បើកបរដោយ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ ភាគីម៉ូតូជិះឌុបគ្នាតាមបណ្តោយផ្លូវទន្លេសាប ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត Lexus មួយគ្រឿងបើកថយក្រោយ បណ្តាលឲ្យអ្នកបើកម៉ូតូធំជ្រុលទៅបុកចំទ្វាររថយន្តក្រោយខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យផ្ទុះពោងសុវត្ថិភាពទាំងអស់ក្នុងរថយន្ត និងអ្នកបើកម៉ូតូបោកក្បាលនឹងរថយន្តពេញទំហឹងបណ្តាលឲ្យស្លាប់នៅនឹងកន្លែងចំណែកអ្នកជិះពីក្រោយបានផ្លោងបុកជាប់កញ្ចក់រថយន្ត រងរបួសធ្ងន់​ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានបើកទ្វារចេញមកក្រៅ ហើយរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែង និងយកទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះត្រូវបានរថយន្ដ​សាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯសពជនគ្រោះតម្កល់ទុកនៅសាលសពនៃមន្ទីរពេទ្យកាល់ម៉ែត្ររងចាំទាក់ទងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ជ្រោយពេជ្រ


ចែករំលែក៖