ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូដើរចែកសំបុត្រការកូនឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្តមិនស្គាល់ម៉ាកបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់ជិះម៉ូតូម៉ាកស៊ុមម័រអ៊ិច ដើរហៅសំបុត្រការកូន ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ៣រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះទឹម ខុន ភេទប្រុស អាយុ៥៤ឆ្នាំ រងរបួសធ្ងន់ចំក្បាលទាំងសងខាង និងដៃខាងស្តាំ មានទីលំនៅភូមិអណ្តូងពោធិ៍ ឃុំអណ្តូងពោធិ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សាក្សីដឹងហេតុការណ៍និយាយថា ជនរងគ្រោះជិះម៉ូតូដើរអញ្ជើញសំបុត្រការកូនប្រុសតាមភូមិនានា ហើយបានជិះម៉ូតូក្នុងគោលបំណងវិលត្រឡប់ទៅផ្ទះវិញ តែត្រូវរថយន្តអត់ស្គាល់ម៉ាកបើកពីជើងទៅត្បូងល្បឿនលឿនដូចហោះ បុកជនរងគ្រោះដែលកំពុងជិះម៉ូតូឆ្លងថ្នល់ ពេញទំហឹង បែកមួកសុវត្ថិភាពរបួសធ្ងន់តែម្តង ហើយរថយន្តបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះត្រូវបងប្អូនដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ហើយខាងមន្ទីពេទ្យយករថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករបួសបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ ។

នគរបាលចរារណ៍ស្រុកបារាយណ៍កំពុងស្រាវជ្រាវរករថយន្តបង្កដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី


ចែករំលែក៖