ព័ត៌មានទាន់ហេតុការណ៍៖

លោក កែរ រដ្ឋា ជំរុញឲ្យក្រុមគ្រូពេទ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការព្យាបាលថែទាំអ្នកជំងឺ៖

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រមាណជាង១០០នាក់នៅសាលប្រជុំមន្ទីរពេទ្យខេត្តនៅរសៀលថ្ងៃអង្គារ ៦រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានជំរុញឲ្យក្រុមគ្រូពេទ្យទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងការថែទាំព្យាបាលអ្នកជំងឺឲ្យល្អប្រសើរទាំងសេវាបង់ប្រាក់ និងសេវាមិនបង់ប្រាក់ ។

លោក កែរ រដ្ឋា បានបញ្ជាក់ថាសព្វថ្ងៃក្នុងមន្ទីរពេទ្យខេត្តគឺមានអាគារល្អប្រណីតរបស់ចាយកាបំពាក់ដោយឧបករណ៍ទំនើបៗតែទោះយ៉ាងក៏ដោយចំនួនអ្នកជំងឺកើនឡើងតែជំនួនគ្រែរបស់យើងនៅមានកំរិតនៅឡើយ ដូច្នេះត្រូវបន្ថែមចំនួនគ្រែឲ្យបានច្រើនថែមទៀតដើម្បីទទួលការព្យាបាលប្រកបដោយមានផាសុខភាព ។

លោក កែរ រដ្ឋា បានបន្ថែមទៀតថាគ្រូពេទ្យរបស់យើងត្រូវខិតខំធ្វើយ៉ាងណាគោរពទៅតាមក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ហើយខេត្តរបស់យើងនេះមានអ្នកមកធ្វើកម្មសិក្សាច្រើនណាស់ ព្រោះជាខេត្តយើងគំរូមួយដែរ ដូច្នេះគ្រូពេទ្យត្រូវបម្រើសេវាសុខាភិបាលឲ្យបានល្អ និងធ្វើជាគ្រូពេទ្យគំរូដល់គេ ។

លោក កែរ រដ្ឋា បានបញ្ជាក់យ៉ាង ដូច្នេះ(គ្រូពេទ្យត្រូវបម្រើរាស្ត្រដោយភាពស្មោះត្រង់មិនមែនតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រនោះទេ) ហើយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំបានគិតគូរយកចិត្តទុកដាក់អំពីសុខភាពរបស់ពលរដ្ឋយើងមានមូលនិធិសមធម៌ និងសេវាបសស(របបសន្តិសុខសង្គម) ដែលអនុគ្រោះសេវាព្យាបាលមិនបង់ប្រាក់ទៅលើជនក្រីក្រចាស់ជរា និងកម្មកររោងចក្រ ។

លោក កែរ រដ្ឋា ក៏បានផ្តាំផ្ញើរទៅក្រុមគ្រូពេទ្យកុំទារលុយពីអ្នកជំងឺ ដែលខុសពីគោលការនៃច្បាប់បើមានករណីកោសរុសអ្នកជំងឺ និងមានវិធានការណ៍ទៅតាមច្បាប់ លោកក៏បានលើកឡើងនូវភាពអសកម្មមួយចំនួនដូចជាអ្នកជំងឺមកដល់មន្ទីរពេទ្យគ្មានគ្រូពេទ្យប្រចាំការ គ្រូពេទ្យសម្តីគំរុសគំរើយ មិនយកចិត្តទុកដាក់មើលថែអ្នកជំងឺជាដើម តែចាប់ពីពេលនេះតទៅត្រូវកែឥរិយាបទនេះជាបន្ទាន់ ហើយមានឆន្ទះខ្ពស់ក្នុងការព្យាបាលអ្នកជំងឺកែទំលាប់ខ្ជិលមកជាគ្រូពេទ្យឧស្សាព្យាយាមជៀសវាងកាថ្នាំងថ្នាក់ណាមួយ និងអាចកាត់បន្ថយការស្លាប់របស់អ្នកជំងឺបាន ។

លោក កែរ រដ្ឋា ជំរុញឲ្យប្រធានមន្ទីរពេទ្យខេត្តត្រូវមើលបញ្ហាអនាម័យឡើងវិញ ព្រោះមានអាគារស្អាត តែអនាម័យនៅខ្វះចន្លោះនៅឡើយដូចជាបន្ទប់ទឹកមិនស្អាត សំរាមចោលពាសវាលពាសកាលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញអ្នកជំងឺ និងប្រជាពលរដ្ឋ ៕ យឹម សុថាន


ចែករំលែក៖