ខេត្តព្រះសីហនុ៖ នៅម៉ោង ៦ព្រឹក ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើង លើផ្លូវជាតិលេខ៣(វាលរេញ-កំពត) ចន្លោះគីឡូម៉ែត្រ ១៨៣-១៨៤ ស្ថិតនៅក្នុងភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុបណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់មួយនេះ កើតឡើងរវាង ម៉ូតូ១គ្រឿងម៉ាក HONDA C១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ១G-៧២៤២ បើកបរដោយឈ្មោះ ស៊ឹម វុត្ថា ភេទ ប្រុស អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិប្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពបញ្ជាក់ថា មុនពេលកើតហេតុ ម៉ូតូរងគ្រោះធ្វើដំណើរក្នុងទិសដៅពីស្រុកព្រៃនប់ ទៅខេត្តកំពត លុះមក ដល់ចំណុចខាងលើ បានបុកនឹងរថយន្ត១គ្រឿងម៉ាក CAMRY ហើម ពណ៌ ស្លែ ពាក់ស្លាកលេខព្រះសីហនុ ២A-១៩៩៣ បើកបរដោយឈ្មោះជូ ម៉េស ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលមានទិសដៅផ្ទុយគ្នា ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ក្រោយកេីតហេតុ អ្នកបើករថយន្ត បានបើករថយន្តរត់គេចបាត់ ពេលនេះសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមស្វែងរក។ គ្រោះថ្នាក់នេះបណ្ដាលឲ្យឈ្មោះ ស៊ីម វុត្ថា រងរបួសបាក់ជើង បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកវាលរេញ៕ ឆ្លាម សមុទ្រ