ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីជំនួសនគរបាលខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ទូហ្គេមបាញ់ត្រីចំនួន២ទូដែលសម្ងំរកស៉ីជាយូមកហើយក្រោមការសម្របសម្រួលពីសមត្ថកិច្ចមូលដ្ឋាននោះ ពេលនេះត្រូវបានកម្លាំងនគរព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះបង្ក្រាបទាំងយប់កាលពីវេលាម៉ោង២៣និង៣០នាទី ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំនុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ជាលទ្ធផលសមត្ថកិច្ចរឹបអូសទូហ្គែមបាញ់ត្រីចំនួន២ ទូ ពុំមានឃាត់ខ្លួនមនុស្សឡើយរួមទាំងម្ចាស់ទីតាំង ចំណែកផ្ទះបើកល្បែងហ្គែមបាញ់ត្រីត្រូវកម្លាំងចម្រុះចាក់សោរទុកមួយរយៈរង់ចាំចំណាត់ការរបស់តុលាការ ។

ប្រតិបត្តិការពេលយប់ចុះបង្ក្រាបទីតាំបើកហ្គែមបាញ់ត្រីខុសច្បាប់នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅនេះបានធ្វើអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការសាទរ តែក៍ជាក្តីអាម៉ាសរបស់សមត្ថកិច្ចមូលដ្ឋានផងដែរដោយសារតែហ្គែមខុសច្បាប់កើតនៅក្នុងមូលដ្ឋានរបស់ខ្លួនបែរជាម្ចាស់មូលដ្ឋានមិនដឹង ទុកអោយកម្លាំងផ្សេងចុះមកបង្ក្រាប់ទៅវិញ រហូតធ្វើអោយលោកអធិការនគរបាលខណ្ឌច្បារអំពៅក្រេវក្រោធយ៉ាងខ្លាំងឈានដល់ការបញ្ឈរជើងនាយរងផ្នែកព្រហ្មទណ្ឌខណ្ឌ២រូប អោយមកអង្គុយនៅប៉ុស្តិ៍យាមខាងមុខអធិការ ។

តាមប្រភពពីអ្នកដឹងរឿងបានអោយដឹងថា ករណីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងហ្គែមបាញ់ត្រីទាំងយប់ដោយមិនសហការជាមួយសមត្ថកិច្ចមូលដ្ឋាននេះ គឺមានហេតុផលរបស់គេ បើកាលណាប្រាប់សមត្ថកិច្ចមូលដ្ឋាន រឿងត្រូវបែកការណ៍ ។

ប្រភពបន្តថានៅក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅ២នេះនៅមានទីតាំងហ្គែមបាញ់ត្រី៤កន្លែងទៀត បើកលេងចាប់ពីថ្ងៃរសៀលរហូតដល់យប់អាធ្រាត ។ នៅមុខការិយាល័យនគរបាលចរាចរជើងទឹក១កន្លែង នៅតាមបណ្តោយផ្លូវចូលការិយាល័យភូមិបាលខណ្ឌច្បារអំពៅ២កន្លែងបើកលេងតែពេលយប់ និងមួយកន្លែងទៀតទើបបើករកស៉ីប្រហែលជាកន្លះខែនៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នេះនៅមិនទាន់គិតពីទីតាំងភ្នាល់បាលតាមប្រព័ន្ធអ៉ីនធើណេតឡើយ ។

ក្រោយការបង្ក្រាបទូហ្គែមបាញ់ត្រីចំនួន២ទូត្រូវកម្លាំងចម្រុះបញ្ជូនទៅរក្សាទុកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ៕ សណ្តោស


ចែករំលែក៖