ក្រុងព្រះសីហនុ៖ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់ខ្លួនជាបណ្តោះអាសន្ន យុវសិស្សម្នាក់អាយុ១៦ឆ្នាំ ដែលសមត្ថកិច្ចអះអាងថាយុវសិស្សរូបនេះគ្មានបណ្ណ័បើកបរ និងមិនទាន់គ្រប់អាយុឲ្យបើកបររថយន្តផងនោះ បានបើកបររថយន្តមួយគ្រឿងទៅបុកប៉ះនឹងម៉ូតូរបស់កម្មករសំណង់ដែលចេញពីធ្វើការជិះឌុបគ្នា២នាក់បណ្តាលភាគីខាងម៉ូតូរងរបួសធ្ងន់ទាំង២នាក់ ហើយត្រូវបានគេជួយបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវេលាម៉ោងជាង១១ថ្ងៃព្រឹក ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងបុរីគុជអាសុី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា យុវជនជាសិស្សសាលារូបនេះឈ្មោះសុត ហ៊ុយសែ អាយុ១៦ឆ្នាំរៀននៅសាលាជីវិត បានបើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ស្លាកលេខ ព្រះសីហនុ 2A 1807ជិះគ្នា៣នាក់ អមជាមួយនិងរថយន្តរបស់មិត្តភក្តិមួយគ្រឿងផ្សេងទៀត តាមផ្លូវបេតុងបុរីគុជអាសុី លុះដល់ចំណុចកើតហេតុរថយន្ត ក៏ជ្រុលទៅបុកប៉ះលើម៉ូតូមួយគ្រឿងពាក់ស្លាកលេខ កណ្តាល1B 5517 របស់កម្មករសំណង់ ដែលចេញពីធ្វើការ បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួស រីឯរថយន្តមួយគ្រឿងទៀតរបស់មិត្តភក្តិមិនបានឈប់នៅកន្លែងកើតហេតុទេ។
ករណីនេះ សមត្ថកិច្ចបាននាំយកវត្ថុតាង និងអ្នកបើកបរវយ័ក្មេងរូបនេះទៅកាន់ការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ