ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័ររេចង្កូតធ្លាក់ផ្លូវបុករានទេវតានៅក្រុងបាវិត សង្ស័យម្ចាស់ងងុយដេក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិកំពុងដេកលង់លក់ ក្នុងដំណេកភ័យលោះព្រលឹង ខណៈលឹសូរសំឡេងក្ឌាំងបង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង ធ្លាក់ផ្លូវបុករានទេវតាកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតលើផ្លូវជាតិលេខ១ ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត សង្ស័យអ្នកបើកងងុយដេក ។

តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា អ្នកបើករថយន្ដបង្កហេតុ មិនត្រូវបានស្គាល់ឈ្មោះនោះទេ ខណៈបន្សល់រថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ ៣ C០៨១៥ នៅនឹងកន្លែង។

យោងតាមសាក្សីបានឲ្យដឹងថា ឡានកុងតឺន័រធ្វើដំណើរលើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ផ្លូវកោងក្នុងល្បឿនមធ្យមសង្ស័យអ្នកបើកងងុយដេក ស្រាប់តែរេចង្កូតធ្លាក់ផ្លូវបណ្ដាលឲ្យបុករានទេវតាអ្នកស្រុកពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

ប្រភពបន្តថា ក្រោយមកអ្នកបើកបររថយន្តក៏បានចេញពីក្នុងរថយន្តទាំងភិតភ័យ និងបាននិយាយទូរសព្ទ័មួយស្របក់ ក៏បាត់ខ្លួនតែម្ដង។

អ្នកភូមិបានបន្តថា នេះពិតជាសំណាងហើយដែលគ្រោះថ្នាក់នេះ មិនបង្កឲ្យនរណាម្នាក់រងរបួសព្រោះបានរានទេវតាជួយទប់ល្បឿន ខណៈផ្ទះអ្នកភូមិនៅឆ្ងាយប្រមាណ៥ម៉ែត្រប៉ុណ្ណោះ ៕ យឹម សុថាន


ចែករំលែក៖