ព័ត៌មានទាន់ហេតុការណ៍៖

ហ្វតរ៉េនជ័របុកគូទកុងតឺន័រពីក្រោយពេញទំហឹងសង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ្វតរ៉េនជ័រ ១គ្រឿងបុកគូទកុងតឺន័រពីក្រោយពេញទំហឹង សង្ស័យអ្នកបើកបរស្រវឹងស្រា ឲ្យរងការខូចខាតយ៉ាងដំណំ ហើយអ្នកបររងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២០១១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្ត១គ្រឿងម៉ាក ហ្វតរ៉េនជ័រ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AG-0885 ក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ២០១១ ក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ហើយក៏បានរេចង្កូតទៅបុកគូទរថយន្ត១ គ្រឿងម៉ាក VOLVO ពណ៌ស ជាប្រភេទរថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-5718 ឈប់ចតចោលនៅចិញ្ចើមផ្លូវ ពេញទំហឹង បណ្តាលឲ្យអ្នកបររងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

បុរសរងគ្រោះ ពុំស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ តុង សីហា


ចែករំលែក៖