ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃ នគរបាលខណ្ឌច្បារអំពៅចាប់អ្នកជិះម៉ូតូខុសច្បាប់ចរាចរជាង១០០គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ ម៉ូតូជាង១០០គ្រឿង ដែលអ្នកបើកបរល្មើសច្បាប់ចរាចរ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅ ចាប់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីផាកពិន័យទៅតាមគោលការណ៍ច្បាប់ចរាចរផ្លូវគោល ។

លោកឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា ចាប់តាំងពីក្រសួង មហាផ្ទៃដាក់ផែនការឲ្យអនុវត្តច្បាប់ចរាចរដោយចាប់អ្នកបើកបរណា ដែលល្មើសច្បាប់ មកដល់ពេលនេះ កម្លាំងនគរបាលចរាចរខណ្ឌនិងកម្លាំងនៅតាមប៉ុស្តិ៍រដ្ឋបាលបានអនុវត្តជាប្រចាំនៅតាមគោលដៅផ្សេងៗគ្នាដោយចាប់អ្នកបើកបរម៉ូតូណា ដែលល្មើសច្បាប់ចរាចរ តែដកហូតយកតែម៉ូតូបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដើម្បីផាកពិន័យទៅតាមច្បាប់ ដោយឡែកអ្នកបើកបរម៉ូតូអប់រំណែនាំពីច្បាប់ចរាចរ ឲ្យពួកគាត់បានយល់និងយកទៅផ្សព្វផ្សាយបន្តនៅមូលដ្ឋាន ។

លោកអធិការរងបានបន្តថា រយៈពេល២ថ្ងៃ គិតពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នគរបាលចរាចរខណ្ឌចាប់ម៉ូតូ ដែលអ្នកបើកបរជិះល្មើសច្បាប់ចរាចរបានជាង១០០គ្រឿង ភាគច្រើនអ្នកបើកបរអត់ពាក់មួកសុវត្ថិភាព ម៉ូតូអត់ដាក់កញ្ចក់ បើកបរបញ្ច្រាស់ទិសចរាចរ ។ ចំពោះការផាកពិន័យគឺអនុវត្តទៅតាមគោលការណ៍ច្បាប់ អ្នកអត់ពាក់មួកសុវត្ថិភាពពន័យ១៥០០០រៀល អត់ដាក់កញ្ចក់ពន័យ១៥០០០រៀល ចំណែកអ្នកជិះបញ្ច្រាស់ទិសចរាចរពិន័យ២៥០០០រៀល ។

កន្លងមកកម្លាំងនគរបាលខណ្ឌបានចុះអនុវត្តច្បាប់ចរាចរស្ទើគ្របទីកន្លែង ដោយចាប់អ្នកបើកម៉ូតូល្មើសច្បាប់ចរាចរបានរាប់រយគ្រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីផាកពិន័យ តែឥឡូវនេះលែងបញ្ជូនទៅកាន់ស្នងការដ្ឋានទៀត គឺតម្រូវឲ្យម្ចាស់ចូលខ្លួនមកផាកពិន័យនៅអធិការដ្ឋានវិញម្តង ។

ជាមួយគ្នានេះដែរសូមអំពាវនាវដល់អ្នកបើកបរម៉ូតូទាំងអស់ត្រូវពាក់មួក សុវត្ថិភាពឲ្យបានគ្រប់ៗគ្នាទាំងអ្នកបើកនិងអ្នករួមដំណើរជាមួយ ទើបអាច បញ្ចៀសបានពីគ្រោះថ្នាក់ដល់ជីវិត ចំពោះម៉ូតូវិញត្រូវមានស្លាកលេខ មានកញ្ចក់ និងត្រូវបើកបរគោរពច្បាប់ចរាចរទាំងអស់គ្នា ៕ សណ្តោស


ចែករំលែក៖