ព័ត៌មានទាន់ហេតុការណ៍៖

លោកវរៈសេនីយ៍ឯក ស៊ុំ សារឿនមេបញ្ជាការនគបាលវរៈការពារព្រំដែនលេខ៩០៥ររុករានបង្កបង្កើនផល លើដីរក្សាទុករបស់រដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានការបែកធ្លាយមកថា លោកវរសេនីយ៍ឯក ស៊ុំ សារឿន មេបញ្ជាការនគបាលវរៈការពារព្រំដែនគោក លេខ៩០៥ បានរុករាន កាន់កាប់ បង្កបង្កើនផលដំណាំផ្សេងៗ នៅលើដីដកហូត និងបម្រុងទុក របស់ខណ្ឌរដ្ឋបាលព្រៃឈើ ស្ថិតនៅខាងលិចទីបញ្ជាការវរៈ ក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដីនេះបានមកពីការដកហូតសម្រាប់ដាំដុះកូនឈើឡើងវិញ ដែលមានផ្ទៃដីសរុប ចំនួន៥០០ហិកតា(ប្រាំរយហិកតា) ដែលខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានរៀបចំបុណ្យរុក្ខទិវា ថ្នាក់ខេត្តពីរលើករួចមកហើយ គឺនៅឆ្នាំ២០១១ និងឆ្នាំ២០១២ ដោយមានការទទួលស្គាល់ពីថ្នាក់ភូមិ ឃុំ ស្រុក ខេត្តផងដែរ ។

យោងតាមរបាយការណ៍បានបន្ថែមថា បន្ទាប់ពីក្រុមការងារចុះទៅដល់ទីតាំងជាក់ស្ដែង ឃើញមានសកម្មភាពបទល្មើសឈូសឆាយ កាប់រំលំដើមឈើ កូនឈើ ប្រព្រឹត្តឡើងដោយកងកម្លាំងនគបាលវរៈការពារព្រំដែនគោកលេខ៩០៥ ដឹកនាំដោយលោកវរៈសេនីយ៍ ស៊ុំ សារឿន ជាមេបញ្ជាការវរៈ៩០៥ និងមានដាំដំណាំផ្សេងៗ នៅលើផ្ទៃដីទាំងនោះផងដែរ ។

លោក ស៊ុំសា រឿន មេបញ្ជាការវរៈការពារព្រំដែនលេខ៩០៥ បានឲ្យដឹងថា ដីនេះវាយូរហើយ មិនមានអ្នកណាហ៊ានប៉ះពាល់ទេ វាសុទ្ធតែរឿងជាប់គុក បើមិនមានបទបញ្ជាពីមេទេ លោកមិនហ៊ានធ្វើទេ លោកថា បើចង់ដឹងឲ្យសួរទៅលោកប្រធានមន្ទីរកសិកម្ម និងសួរទៅលោកនាយខណ្ឌរដ្ឋបាលព្រៃឈើទៅដឹងហើយ ថា នៅចំណុចដីដកហូត តើមានបទបញ្ជាពីណាខ្លះបានលោកហ៊ានធ្វើ លោកថា លោកធ្វើអស់លុយច្រើនណាស់ ហើយឲ្យមានទោសទណ្ឌអីទៀត វាអយុត្តិធម៌ចំពោះលោកខ្លាំងណាស់ លោកថា លោកមិនដែលចង់បានដីអ្នកណាទេ ។

លោក អ៊ឹមសាវ រឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា លោកកំពុងតែសិក្សា និងស្នើសុំយោបល់ទៅខេត្ត ហើយចំពោះការធ្វើបណ្ណកម្មសិទ្ធិកន្លងមក លោកមិនបានដឹងទេ។ លោក សូត ស៊ី សុខឃៀង ប្រធានមន្ទីរកសិកម្មមិនបានបកស្រាយទេ ព្រោះលោកថា កំពុងជាប់ប្រជុំ ៕ ប៉ែន នួន


ចែករំលែក៖