ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់រថយន្ត តាកូម៉ា Takoma បើកបរក្នុងស្ថានភាពស្រវឹង មកបុកជាមួយរថយន្តម៉ាកស៊ីណា(SIENA)ក្រឡាប់ផ្ងារជើង

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តម៉ាក Takoma TOYOTA ១បាំងកន្លះបើកបុកពាក់កណ្ដាលរថយន្ត តាក់ស៊ី ម៉ាក(SIENA) ក្រឡាប់ផ្ងារជើងទាំងកណ្តាលអធ្រាត្រ ឈានចូលថ្ងៃ ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ខណៈរថយន្ដនេះដឹកទំនិញពេញគេចពន្ធ មកពីប៉ោយប៉ែត យកមកចែកចាយក្នុងក្រុងសៀម​រាប ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ០៦ ចំស្តុប សុខាចាស់ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប តែ ពុំមាននរណាម្នាក់រងរបួសឡើយ ។

សាក្សីបានប្រាប់ថា រថយន្តម៉ាក Takoma តូ យូតា ១បាំងកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២.K.៩១៤៥ បើកបរមកពីត្បូង ទៅជើង មកដល់ចំណុចកើតហេតុ បានបុកចំពាក់​កណ្តាល​ទ្វារ រថយ​ន្ត​ម៉ាក ស៊ី ណា(SIENA)ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២.AJ.៣៤០៧ បើកបរមកពីលិចមកកើត ក្នុងល្បឿនលឿនដូចគ្នា បណ្តាលឱ្យរថយន្ត ស៊ី ណា (SIENA) បែកកង់ក្រោយទាំងសងខាងក្រឡាប់ផ្ងារជើង​ខូចខាតរថយន្ដទាំងសងខាង តែម្ចាស់ចុះមកដើរធ្វើព្រងើយ ហាក់បីដូចជាគ្មានអ្វីកើតឡើង ត្រឹមដឹងថា បុកគ្នាតែប៉ុណ្ណោះ។

តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍បានប្រាប់ថា កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញមានទំនិញដូចជា ត្រចៀក ជ្រូក និង គ្រឿងក្នុង ជ្រូក រួចវាស់វែង ស្ទួចយករថយន្ត តូយូតា ១បាំងកន្លះ និង ម្ចាស់ ទៅស្នងការជាមុនសិន ។ ចំណែករថយន្ត ស៊ី ណា (SIENA) ម្ចាស់ហៅរថយន្តស្ទួចមកយកចេញពីផ្លូវជាតិលេខ០៦ យកទៅគោលដៅនៅរង្វង់មូលព្រះអង្គចេក ព្រះអង្គចម ដើម្បីសាងឥវ៉ាន់ ចេញ ឱ្យអស់រួចដឹកទៅទុកនៅស្នងការរង់ចាំដោះស្រាយគ្នា។

សមត្ថកិច្ចបន្តថា ករណីនេះ មូលហេតុ គឺបង្កដោយម្ចាស់រថយន្ត តាកូម៉ា Tako​ma បើកបរក្នុងស្ថានភាពស្រវឹង មកបុកជា​មួយរថយន្តម៉ាក ស៊ី ណា(SIENA) ខណៈរថយន្តនេះបានចូលដល់ពាក់កណ្តាល​គំនូស ស្តុប មុនហើយ។

ម្ចាស់រថយន្តបង្កតាកូម៉ា Takoma ឈ្មោះ វិន ម៉េង ហួរ ភេទប្រុស អាយុ៣២ឆ្នាំ បុគ្គលិកអង់តែន ប្រៃសណីយ៍ខេត្ត មានស្រុកកំណើតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង បើកបររថយន្តម៉ាក តាកូម៉ាTako​ma ពាក់ស្លាកលេខ ភ្នំពេញ ២.K.៩១៤៥ មកពីត្បូង ទៅជើង ក្នុងទិសដៅបញ្ច្រាសគ្នា។

ចំណែករថយន្ត ស៊ី ណា(SIENA)ម្ចាស់ឈ្មោះ យួម រដ្ឋា ភេទប្រុស អាយុ៣៨ឆ្នាំមានស្រុកកំណើតនៅឃុំឈើទាល ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបើកបររថយន្តម៉ាក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២.AJ.៣៤០៧ ដឹកទំនិញពេញ ចេញមកពីប៉ោយប៉ែត ចូលក្នុងក្រុងសៀមរាប បច្ចុប្បន្ន ម្ចាស់ និងរថយន្តទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញ បានអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី​


ចែករំលែក៖