ខេត្តក្រចេះ ៖ បុរសជាប្តីអភ័ព្ទស្នេហ៌ម្នាក់ដែលទើបតែរៀបការថ្មោងថ្មី បានកាន់រូបថតរបស់ប្រពន្ធជាច្រើនសន្លឹក សួរគេឯងគ្រប់ច្រកល្ហករកប្រពន្ធរបស់ខ្លួនដែលមានសម្រស់ស្អាតផូផង់ បន្ទាប់ពីនាងបានបាត់ខ្លួនពីផ្ទះជាច្រើនថ្ងៃគ្មានដំណឹងរហូតឈានដល់មកប្តឹងនគរបាលប៉ុស្តិ៍ឲ្យជួយស្រាវជ្រាវរកទៀតផង។
ក្រោយពីនារីជាប្រពន្ធបានបាត់ខ្លួនពីផ្ទះអស់រយៈពេលជាច្រើនថ្ងៃដោយមិនមានមូលហេតុច្បាស់ បានធ្វើឲ្យបុរសជាប្តីដែលអ្នកភូមិហៅថា មនុស្សអភ័ព្ទស្នេហ៌ ព្រោះតែទើបតែរៀបការ នឹងគ្នា មិនទាន់បានរួមរស់ជាប្តីប្រពន្ធបានមិនដល់ដប់ថ្ងៃផងនោះ ។ មានសភាពអន្ទះអន្ទែង កាត់កេរ្តិ៍ កាត់ខ្មាស់សម្រេចកាន់រូបថតរបស់ប្រពន្ធខ្លួនជាច្រើនសន្លឹកដើរសួរមិត្តភក្កិញាតិមិត្ត ជិតឆ្ងាយ ទាំងនៅក្នុងភូមិ នៅក្រៅភូមិ និងនៅគ្រប់ច្រកល្ហក គឺនៅតែគ្មានដំណឹងទើបឈានឲ្យបុរសជាប្តីរូបនេះ និងក្រុមគ្រួសារ ទាំងខាងប្រុស និងខាងស្រីសម្រេចមកប៉ុស្តិ៍នគរបាលក្រញូងសែនជ័យក្នុងស្រុកស្នួល ដើម្បីជួយអន្តរាគមន៍ស្រាវជ្រាវក្រែងមានពន្លឺខ្លះ ។ គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ នេះមានរយៈពេល៤ថ្ងៃហើយ ដែលបុរសជាប្តីមានវ័យ២៨ឆ្នាំ ឈ្មោះហេង ចាន់អេង រស់នៅភូមិជ្រោះជ្រៅ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ដែលមានសភាពអន្ទះសាមកសួរនគរបាលប៉ុស្តិ៍ ក្រោយពីបានដាក់ពាក្យបណ្តឹងបានមួយថ្ងៃរឿងបាត់ប្រពន្ធ តែនៅមិនមានសញ្ញាណាមួយបញ្ជាក់ថា នាងរត់ទៅពួននៅទីណានោះទេ ។
នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រញូងសែនជ័យ បុរសជាប្តីអភ័ព្ទស្នេហ៌ដែលមានវ័យ២៨ ឆ្នាំរូបនេះ រួមទាំងឳពុកបង្កើតក៏ដូចជាស្ត្រីជាម្តាយក្មេកបានរៀបរាប់ដោយលើកហេតុផលប្រាប់នគរបាលថា ការចេញបាត់ពីផ្ទះរបស់ប្រពន្ធខ្លួន គឺមិនមានមូលហេតុច្បាស់លាស់ណាមួយនោះទេ ។ បុរសរូបនេះបានរៀបរាប់ថា ខ្លួនបានរៀបការជាមួយនឹងនារីជាប្រពន្ឋឈ្មោះ ណាក់ ហ៊ាង អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នាកាលពីថ្ងៃទី២៩ ខែមករា ។ ពិធី មង្គលការបានធ្វើឡើងយ៉ាងអធិកអធមនៅក្នុងភូមិនៅតំបន់ដាច់ស្រយ៉ាលមួយ ។ ខ្លួននឹង ប្រពន្ធមានទីលំនៅក្បែរខាងគ្នា ហើយការសម្រេចចិត្តយកគ្នាជាប្តីប្រពន្ធនេះ គឺផ្តើមចេញ ពីការស្ម័គ្រចិត្តទាំងពីរនាក់មិនមានចាស់ទំបង្ខំនោះទេ ។ មានថ្ងៃមួយក្រោយរៀបការប្រពន្ធខ្លួនបានសុំទៅលេងផ្ទះមិត្តភក្កិស្រី ដែលធ្លាប់រាប់អាន គ្នានៅខេត្តកំពង់ឆ្នាំង តែខ្លួនមិនអនុញ្ញាតិ ទើបនាងបានប្រើពាក្យសម្តីមកថា« គង់តែមានថ្ងៃរត់ចោលទេ» ។
បុរសជាប្តីរូបនេះបានបន្តថា កាលពីថ្ងៃទី៥ ខែកុម្ភៈ នារីជាប្រពន្ធខ្លួនបានឲ្យ ក្មួយឌុបម៉ូតូមកកក់សក់ នៅហាងកក់សក់មួយនៅផ្សាកាបី ហើយក៏បាត់មិនឃើញមកផ្ទះវិញតាំងពីថ្ងៃនោះមក រហូតមកទល់ និងពេលនេះនៅមិនទាន់មានដំណឹង ។
បើតាមបុរសជាប្តីរូបនេះបានប្រាប់ថា ខ្លួនបានទៅសួរនៅហាងកក់សក់ដែរតែម្ចាស់ ហាងថា ប្រពន្ធខ្លួនបានមកកក់សក់ប្រញ៉ាប់ប្រញាល់ និងបានឡើងឡានទៅបាត់មិនដឹងថាទៅណានោះទេ ។
នាយប៉ុស្តិ៍នគរបាលក្រញូងសែនជ័យ លោកអនុសេនីយ៍ឯក កែវ វ៉ាត បានប្រាប់ឲ្យដឹង ថា ក្រោយការសួរនាំលើបុរសជាប្តីក៏ដូចជាអាណាព្យាបាលទាំងសងខាង គឺប្តីប្រពន្ធពីរនាក់ នេះមិនធ្លាប់មានទំនាស់នឹងគ្នានោះទេ ។ នគរបាលក៏មិនទាន់កំណត់ថា ការចេញបាត់ពី ផ្ទះរបស់ស្ត្រីជាប្រពន្ឋនេះ ថាផ្តើមដោយមូលហេតុអ្វីដែរ តែខាងនគរបាលកំពុងតែស្រាវជ្រាវ រកនាងបន្ត ៕
អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក