ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីណែនាំរបស់អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម និងកូរ៉េ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩ រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៨ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីណែនាំលេខ ០០២ សណន ស្ដីពី «កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម» ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម និងកូរ៉េ ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខាងមុខនេះ។

សេចក្តីណែនាំនេះបានបញ្ជាក់ថា ដើម្បីធានានូវសន្ដិសុខ សណ្ដាប់ធ្នាប់រប្រៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋ ចូលរួមអបអរសារទរ ក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម និង កូរ៉េ អគ្គស្នងការនគរបាលជាតិ ធ្វើការណែនាំដល់ប្រធាននាយកដ្ឋានកណ្ដាល ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពង្រឹងនូវវិធានការធានាស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ដោយផ្ដោតលើការងារមួយចំនួន ដូចខាងក្រោម៖

ទី១៖ យកចិត្តទុកដាក់ប្រមូលព័ត៌មាន ពាក់ព័ន្ធសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវឧបាយកល សកម្មភាពបង្កអសន្ដិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល។

ទី២៖ ចាត់វិធានការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជា ទីសក្ការៈ និងរមណីយដ្ឋានមួយចំនួន ដែលមានការប្រារព្ធពិធីបុណ្យផ្សេងៗ ដោយយកចិត្តទុកដាក់បង្ការទប់ស្ដាត់ មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុក ដោយក្មេងទំនើង និងត្រូវរៀបចំឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ។

ទី៣៖ យកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កើនការរិតបន្ដឹងការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ទយគ្រោះថ្នាក់ចរាចរណ៍ និងបង្កលក្ខណៈឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅសួរសុខទុក្ខបងប្អូន ឫទៅកំសាន្ដតាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្ដទៅដោយក្ដីសប្បាយរីករាយ និងសុវត្ថិភាព។

ទី៤៖ ត្រូវសហការជាមួយអាជ្ញាធរដែនដី រំលឹកដាស់តឿនប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគ្គិភ័យ ជាពិសេស ទៀនធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះ ព្រម ទាំងមានឃាត់មិនឲ្យដុតផាវ កាំជ្រួច ឬបង្កសំឡេង ផ្ទុះផ្សេងៗ។ ជាមួយគ្នានោះ ត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយប្រចាំការ ដើម្បីត្រៀមចេញអន្ដរាគមន៍ពន្លត់ និងសង្គ្រោះ ហេតុការណ៍ អគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ។

ទី៥៖ ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងការងារផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយសភាពការណ៍ដែល កើតមានឡើងជាយថាហេតុឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕ ប្រាថ្នា


ចែករំលែក៖