ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូទៅម៉ូតូ១គ្រឿងទៀតរបួសធ្ងន់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារការបើកបរគ្មានការប្រុងប្រយ័ត្ន ខណៈដែលបុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូយ៉ាងលឿនជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត កំពុងជិះស្របទិសគ្នាចំពីក្រោយបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសបែកមុខបែកមាត់ បង្កការភ្ញាក់ផ្អើលផងដែរ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ លើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បើកម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-0643 ក្នុងសភាពស្រវឹងស្រាជោកជាំ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូត ទៅបុកម៉ូតូមួគ្រឿងទៀតមិនចាំម៉ាក ដែលកំពុងបើកនៅខាងមុខស្របទិសគ្នាចំពីក្រោយ បណ្តាលឲ្យដួលបោកនឹងថ្នល់តែម្នាក់ឯងរងរបួសបែកមុខបែកមាត់ផងដែរ ។ ចំណែកម៉ូតូ១គ្រឿងទៀត មិនបានដួលនោះទេ ដោយឃើញសភាពការមិនស្រួលក៏បន្តដំណើរទៅមុខទៀតបាត់ស្រមោលតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយជួយលាងរបួសឲ្យជនរងគ្រោះ ហើយសមត្ថកិច្ចទំនាក់ទំនងទៅសាច់ញាតិ ឲ្យមកទទួលយកជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ៕ស តារា


ចែករំលែក៖