ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះចុះទៅត្រួតពិនិត្យមើលការដ្ឋានមួយកន្លែង ក្រោយមានសេចក្តីរាយការណ៍ថាមានករណីមនុស្សដេកស្លាប់ ។
ករណីខាងលើនេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនិង ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរោងកម្មករស្នាក់នៅ ក្រុមទី១ ភូមិបឹងរាំង សង្កាត់ទួកសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
យោងតាមសមត្ថកិច្ច បានឲ្យដឹងថា សពឈ្មោះ អ៊ុក កុល ភេទប្រុស អាយុ២៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅ ភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
តាមប្រភពព័ត៍មានមិត្តភ័ក្តិជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុនៅវេលាម៉ោង៩យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះនិងកម្មករដ៏ទៃទៀតបានចូលដេកក្នុងរោងកម្មករស្នាក់ដូចធម្មតាពុំមានផឹកស្រាទេ ហើយជនរងគ្រោះក៏មិនមានអាការាក់ឈឺអ្វីដែរ លុះព្រឹកឡើងមិនឃើញជនរងគ្រោះក្រោកពីដេកក៏នាំគ្នាដាស់ ទើបដឹងថាជនរងគ្រោះស្លាប់ទៅហើយ ។
ក្រោយកើតហេតុកម្លាំងជុំនាញខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍បានសហការណ៍ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងលោកវិជ្ជបណ្ឌិត របស់តុលាការនិងអង្គភាពពាក់ពន្ធ័បានពិនិត្យសាកសពបញ្ជាក់ថា សពស្លាប់ដោយសារគាំបេះដូងពិតប្រាកដមែន ។
ចំណែកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា