ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយមានការបញ្ជាផ្ទាល់ពី លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នោះ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងជំនាញចម្រុះ របស់គណៈបញ្ជាការឯកភាពសាលាខណ្ឌមានជ័យ សហការជាមួយនិង មន្រ្តីរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូន ចុះធ្វើការឃាត់ រថយន្តដែលបាន កាត់តកែច្នៃខុស លក្ខណៈ បច្ចេកទេស ដែលធ្វើដំណើរតាមដងផ្លូវ លេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត ។
គណះបញ្ជាការឯកភាពខណ្ឌ សហការជាមួយ មន្រ្តីជំនាញរបស់មន្ទីរសាធារណះការបានធ្វើការឃាត់រថយន្តប្រភេទធន់ធ្ងន់ចូលរាជធានី បានចំនួន ២៩គ្រឿង ក្នុងនោះខុសលក្ខណះបច្ចេកទេសចំនួន ០១គ្រឿង បានយកទៅរក្សាទុកនៅសាលាខណ្ឌមានជ័យ ដើម្បីធ្វើការអប់រំដល់ម្ចាស់រថយន្តក៍ដូចជាក្រុមហ៊ុនអោយចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរលើផ្លូវសាធារណះផងដែរ ។
ក្នុងនោះដែរ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោបានបញ្ជាក់ថា ចាប់ពីម៉ោង០០យប់នេះ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ចំពោះរថយន្តប្រភេទ ត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់ ទាំងរដ្ឋមន្ត្រី ទាំងចៅហ្វាយខេត្ត ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង ព្រោះឡានកែឆ្នៃកាត់តទាំងនេះ គឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដោយឡែកពាក់ព័ន្ធចំពោះរថយន្តដឹកលើសទម្ងន់វិញ សម្តេច បានប្រាប់ដល់ក្រសួងមន្ទីរពាក់ព័ន្ធនានាត្រូវជួបប្រជុំជាមួយម្ចាស់ ឬតំណាងក្រុមហ៊ុនធ្វើការពន្យល់ណែនាំឲ្យបានច្បាស់អំពីច្បាប់ចរាចរណ៍ និង ការដឹកជញ្ជូន និង ផ្ទុកទំនិញ លើសទម្ងន់ ដែលអាចបង្កផលប៉ះពាល់ដល់ការខូចខាតផ្លូវថ្នល់ និង ស្ពាន ព្រមទាំងអាចបង្កគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ ។ បើក្រុមហ៊ុនណាមិនគោរពតាមច្បាប់ គឺត្រូវចាប់រថយន្តនោះទុក ហើយនឹងអាចឈានទៅបិទក្រុមហ៊ុននោះតែម្តង៕ តាឡឹម