ភ្នំពេញ៖ ជារឿងចម្លែកមួយទៀតហើយ ដែលសមត្ថកិច្ចទើបរកឃើញផ្ទះធ្វើអាជីវកម្មបញ្ចាំងកុនដែលប្រៀបដូចផ្ទះសំណាក់ដោយ គេខណ្ឌជាបន្ទប់មានគ្រែមួយដេកគ្នា២នាក់ និងមានបញ្ចាំងកុនលើផ្ទាំងកំណាត់សក្នុងបន្ទប់ដែលនេះពិតជាធ្វើឲ្យភ្ញាក់ផ្អើលព្រោះការបញ្ចាំងកុនដ៏ចម្លែកនេះអ្នកចូលទៅ ដេកមើលមានតែ២នាក់ប្រុស និងស្រីក្នុង បន្ទប់នីមួយៗ ។
ដោយសារតែការធ្វើអាជីវកម្មចម្លែក បែបនេះទើបនៅរសៀលម៉ោង២និង២០ នាទីថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វ ស័ក ព.ស.១៥៦១ត្រូវនឹងថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌ ចំការមនសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹកចុះទៅត្រួតពិនិត្យ ច្បាប់ទម្លាប់នៅទីតាំងបញ្ចាំងកុនយីហោ HOME CINEMAមានទីតាំងនៅផ្ទះលេខ S-32 ភូមិ៤ ក្រុម៣២ ផ្លូវស៊ីលវ័រ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌ ចំការមនបានឲ្យដឹងថា នៅពេលដែល សមត្ថកិច្ចចុះទៅពិនិត្យទីតាំងបញ្ចាំងកុន ចម្លែកខាងលើនេះ ស្រាប់តែប្រទះឃើញ នៅទីតាំងមួយនេះមានខណ្ឌជាបន្ទប់តូចៗ ដែលក្នុងបន្ទប់នីមួយៗមានគ្រែពូកមួយ និងខ្នើយ១គូសម្រាប់ឲ្យអតិថិជនចូលទៅ ដេកមើលកុនដូចជាផ្ទះសំណាក់ដែរ ។
អ្វីដែលគួរឲ្យចម្លែកទៀតនោះនៅពេលសមត្ថកិច្ចចុះទៅដល់ស្រាប់តែបានឃើញបន្ទប់នីមួយៗមានយុវវ័យ១គូៗ(ស្រីនិង ប្រុស) ដែលភាគច្រើនជាសិស្សសាលា កំពុងដេកឱបគ្នាក្នុងបន្ទប់ចោលភ្នែកទៅមើលផ្ទាំងកំណាត់សបញ្ចាំងកុនយ៉ាង សប្បាយរីករាយ។ បន្ទាប់ពីឃើញសកម្ម ភាពនេះសមត្ថកិច្ចបានចូលទៅឆែកឆេរ ក្នុងបន្ទប់នីមួយៗឃើញមានក្រដាសជូតមាត់នៅរប៉ាត់រប៉ាយប្រឡាក់ដោយឈាមថ្មីៗ និងខោលីអូទៀតផង។ សមត្ថកិច្ចបាន សម្រេចយកវត្ថុតាងទាំងនេះរក្សាទុក និងបានសុំត្រួតពិនិត្យរកឯកសារធ្វើអាជីវកម្ម តែម្ចាស់ពុំបានផ្តល់ឲ្យនោះទេដែលនេះ ចាត់ទុកថា ការធ្វើអាជីវកម្មបញ្ចាំងកុនយ៉ាងចម្លែកនេះខុសច្បាប់ទាំងស្រុងដែលសមត្ថកិច្ចត្រូវតែបិទទ្វារបណ្តោះអាសន្នសិន ។
ប្រភពដដែលឲ្យដឹងទៀតថា នៅពេល នោះសមត្ថកិច្ចបានឃាត់យុវជនយុវតី៨គូស្មើនឹង១៦នាក់យកទៅសាកសួរ និងបានកោះហៅអាណាព្យាបាលមកជួយអប់រំណែនាំទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
ប្រជាពលរដ្ឋរស់នៅក្បែរផ្ទះធ្វើអាជីវកម្មខាងលើនេះបានបង្ហើបឲ្យដឹងថា ការធ្វើ អាជីវកម្មបញ្ចាំងកុនចម្លែកនៅទីតាំងមួយនេះបានកើតមានឡើងជាយូរឆ្នាំមកហើយ ប៉ុន្តែមិនមានសមត្ថកិច្ចណាដឹងឡើយ។ ពួកគាត់បាននិយាយទៀតថា ជារៀងរាល់ ថ្ងៃឃើញមានយុវជនយុវនារីភាគច្រើនជាសិស្សសាលាជិះម៉ូតូឌុបគ្នាមកមើលកុននៅ ទីនេះមិនដាច់ ព្រោះនៅទីតាំងនេះការមើលកុនត្រូវបានរៀបចំមានគ្រែពូកដេកយ៉ាងស្រួល ប៉ុន្តែការធ្វើបែបនេះមិនដឹងថា ពួកគេជាយុវវ័យប្រព្រឹត្តអ្វីផ្តេសផ្តាសដែរឬយ៉ាង ណាទេ គ្រាដែលគេដឹងថាពេលចូលមើលកុនម្តងៗត្រូវបង់លុយ១ម៉ោង៧ដុល្លារ ៕ ស រស្មី