ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបែកថ្នាំឈរលីដាវនៅកណ្តាលផ្លូវត្រូវប្រជាពលរដ្ឋឃើញប្តឹងនគរបាលចាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវប្តឹងឲ្យនគរបាលប៉ុស្តិ៍ពន្សាំងឃាត់ខ្លួនភ្លាមៗ ខណៈដែលដែល ប្រទះឃើញឈរលីដាវសាំម៉ូរ៉ៃមួយដើមនៅលើដងផ្លូវ ទំនងជាបែកថ្នាំ បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។

ហេតុការណ៍ឃាត់់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទី ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំស្ថិតក្នុងភូមិ កន្ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ ដោយមានពាក្យបណ្តឹងពីប្រជាពលរដ្ឋឈ្មោះ ស៊ុន ចំណាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករស្នាក់នៅភូមិថ្នល់បណ្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដែលធ្វើដំណើរតាមដងផ្លូវបានឃើញបុរសម្នាក់ទំនងបែកថ្នាំ កំពុងឈរលីដាវសាំម៉ូរ៉ៃនៅកណ្តាលផ្លូវ ខណៈដែលខ្លួនបានកំពុងតែជិះម៉ូតូទៅមើលម៉ាសុីនភ្លើងដែលខ្លួនដាក់ជួលឲ្យគេនៅភូមិត្រពាំងទទឹង ក្នុងកម្មវិធីបុណ្យ ដោយមិនហ៊ានធ្វើដំណើរឆ្លងកាត់ ក៏ដូចជាអ្នកធ្វើដំណើរផ្សេងៗមិនហ៊ានឆ្លងកាត់តាមផ្លូវ ហើយទើបទំនាក់ទំនងតាមទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍ពន្សាំងឃាត់ខ្លួនតែម្តង ។

ជនសង្ស័យដែលត្រូវនគរបាលប៉ុស្តិ៍រដ្ឋាបាលពន្សាំងឃាត់ខ្លួនមានឈ្មោះ គុម គីម ភេទប្រុស អាយុ ២១ឆ្នាំ មានមុខរបរធ្វើជាជាងដែកមានលំនៅផ្ទះគ្មានលេខ ភូមិកន្ទ្រង់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋភ្លាម កម្លាំងនគរបាលប៉ុស្តិ៍បានចេញអន្តរាគមន៍ចាប់ជនសង្ស័យបានភ្លាមៗជាក់ស្តែងយកមកសួរនាំ និងបានធ្វើតេស្តទឹកនោមឃើញមានសារជាតិញៀនក្នុងខ្លួនថែមទៀត ក្រោយពិនិត្យ និងសាកសួរឈានដល់ការពិនិត្យទឹកនោមរួចរាល់ហើយបានកសាងសំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្តតាមនិតិវិធីច្បាប់ និងដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ព្រែកជ័យ

 

 


ចែករំលែក៖