ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារការបើកបរខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុម GCM មួយគ្រឿងបើកបត់ទាំងកំរោល មកបុកនិងកៀររថយន្តមួយគ្រឿងទៀតគៀបជាប់ បណ្តាលឲ្យកំពិតអស់មួយចំហៀង សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់នរណាម្នាក់នោះឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣ និង ១៥នាទីរសៀល ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ ៦៣ កែងនិង ផ្លូវលេខ ៣២២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា យ៉ារី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AT-៣៨៨២ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែមានរថយន្តក្រឡុក ស៊ីម៉ង់តិ៍ដែលជារបស់ក្រុមហ៊ុន GCM ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ៥A-០៤៩៦ បើកបរដោយបុរសម្នាក់ បានបើកទិសដៅស្របគ្នាមកពីក្រោយ ដោយបត់ស្តាំដៃគ្មានការប្រុងប្រយ័ត្នទៅកៀរជាប់គ្នា បណ្តាលឲ្យរថយន្តរងគ្រោះ កំពិតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីភាគីរថយន្តក្រឡុកស៊ីម៉ង់របស់ក្រុមហ៊ុន GCM យល់ព្រមសងថ្លៃខូចខាតទៅរថយន្តរងគ្រោះ គឺយកទៅធ្វើការជួសជុលឲ្យស្អាតដូចដើមវិញ ៕ស រស្មី