ខេត្តស្វាយរៀង៖ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯឧ ត្រាំ អ៊ីវតឹក បានអញ្ជើញចុះពិនិត្យសម្ភារៈ ឧបករណ៍ Switt នៅប្រៃសណីយ៍ និងទូរគមនាគមន៍ បាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
តាមរបាយការណ៍បានឲ្យដឹងថា៖ ចំនួនទូរស័ព្ទ និងអ៊ិនធឺណិត នៅទូរគមនាគមន៍ខេត្តស្វាយរៀង ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ ក្នុងនោះរួមមាន សេវាទូរស័ព្ទ មានចំនួន១៥១ខ្សែ និងសេវាអ៊ិនធឺណិត មានប្រតិបត្តិករប្រើប្រាស់ចំនួន២២៨។ ដោយឡែក ចំនួនទូរស័ព្ទ និងអ៊ិនធឺណិត នៅទូរគមនាគមន៍ក្រុងបាវិត ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះដែរ រួមមាន សេវាទូរស័ព្ទមានចំនួន១៣៩ខ្សែ និងសេវាអ៊ិនធឺណិត មានប្រតិបត្តិករប្រើប្រាស់ចំនួន១៦៥។
នៅក្នុងដំណើរនៃការចុះពិនិត្យសម្ភារៈ ឧបករណ៍ Switt នៅប្រៃសណីយ៍ និងទូរគមនាគមន៍ បាវិត ខេត្តស្វាយរៀង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃប្រៃសណីយ៍ និងទូរគមនាគមន៍ បាវិត ខេត្តស្វាយរៀង ដែលកន្លងមកនេះ បានយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារទទួលបានលទ្ធផលគួរជាទីមោទនៈ។ នៅក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃប្រៃសណីយ៍ និងទូរគមនាគមន៍ បាវិត ខេត្តស្វាយរៀង ត្រូវប្រឹងការងារយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងស្វែងយល់នូវចំណេះដឹងថ្មីៗបន្ថែមទៀតទាក់ទងទៅនឹងវិស័យទូរគមនាគមន៍ ដើម្បីអនុវត្តលើការងារថ្មីៗ ដែលក្រសួងបានដាក់ចេញ ឲ្យសម្រេចបានជោគជ័យថែមទៀត ស្របតាមអនុសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានផ្តាំផ្ញើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃប្រៃសណីយ៍ និងទូរគមនាគមន៍ បាវិត ខេត្តស្វាយរៀង ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោ ធន៍ល្អៗ បូកផ្សំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ ត្រូវបន្តប្រពៃណី នៃការការរួបរួមសាមគ្គីភាព និងកិច្ចសហការផ្ទៃក្នុងឲ្យបានល្អ ចេះរួមសុខទុក្ខកសាងបាននូវភាពសុខដុម រមនា ដោយបំពេញឲ្យគ្នាទៅវិញទៅមកនូវសេចក្តីត្រូវការ ដែលឈរលើគោលការណ៍សមធម៌ និងតម្លាភាព៕ សុខ ខេមរា