កាលពីបីឆ្នាំមុននៅក្នុងទំព័ររបស់កាសែតThe Financial Times ក្រុមហ៊ុនរថយន្តRolls-Royce បានប្រកាសថាខ្លួននឹងបង្កើតនូវរថយន្តតួខ្ពស់ថ្មីសន្លាងមួយដែលបង្កើតអត្ថន័យថ្មីសម្រាប់ការធ្វើដំណើរប្រកបដោយប្រណីតភាពដែលធ្វើឲ្យការធ្វើដំណើរមិនបាច់ប្រឹងគ្រប់ទីកន្លែង។ចាប់តាំងពីថ្ងៃនោះមកពិភពលោកបានទន្ទឹងរង់ចាំចង់ឃើញការមកដល់នូវរថយន្តRolls-Royce ថ្មីមួយនេះ។
ការរង់ចាំកាន់តែជិតកន្លងផុតទៅមែនទែនហើយដោយក្រុមហ៊ុនរថយន្តRolls-Royce បញ្ជាក់ថារថយន្តម៉ូដែលថ្មីរបស់ខ្លួននោះមានឈ្មោះថាCullinan (ខាលីនិនជាឈ្មោះគ្រាប់ពេជ្រមិនទាន់ច្នៃធំជាងគេបំផុត)។
លោកTorsten Müller-Ötvös អគ្គនាយកក្រុមហ៊ុនរថយន្តRolls-Royce បានមានប្រសាសន៍ថា៖“តាមពិតទៅឈ្មោះCullinan បានលេចឡើងតាំងពីយើងបានបង្ហាញឈ្មោះនេះត្រឹមតែជាឈ្មោះគម្រោងនៅឡើយមកម្លេះកាលពីប៉ុន្មានឆ្នាំមុន។នេះជាឈ្មោះដ៏សក្តិសមសម្រាប់រថយន្តថ្មីពិសេសរបស់យើង។Cullinan គឺជាម៉ូដែលរថយន្តដែលមានគោលបំណងច្បាស់លាស់មានគុណភាពល្អឥតខ្ចោះនិងមានតម្លៃដែលទាំងអស់នេះបានបង្ហាញពីការកើនឡើងនូវលទ្ធភាពនៃការបង្កើតភាពប្រណីតពិតៗ។
រថយន្តនេះប្រៀបបាននឹងគ្រាប់ពេជ្រCullinan ដែលជាគ្រាប់ពេជ្រដ៏ល្អនិងធំបំផុតដែលពុំធ្លាប់បានរកឃើញកាលពីមុនមកហើយរថយន្តនេះនឹងបង្ហាញខ្លួននៅពេលច្នៃរួចយ៉ាងល្អឥតខ្ចោះនិងលើសពីរថយន្តផ្សេងទៀត”។ដំណើររឿងដែលនាំឲ្យរថយន្តRolls-Royce ថ្មីនេះត្រូវបានដាក់ឈ្មោះថាCullinan គឺកើតចេញពីការព្យាយាមចង់បង្កើតភាពល្អឥតខ្ចោះ។ដូចនឹងដំណើររឿងរបស់គ្រាប់ពេជ្រដែររថយន្តRolls-Royce Cullinan បានឆ្លងកាត់នូវដំណើររឿងគួរជាទីចាប់អារម្មណ៍។
ចាប់ពីវាលខ្សាច់ដ៏សែនក្តៅនៅទ្វីបអាហ្វ្រិកនិងមជ្ឈឹមបូព៌ាទៅកាន់ព្រឹលដ៏សែនត្រជាក់នៅតំបន់រង្វង់អាកទិកនិងចាប់ពីតំបន់ជ្រលងស្មៅនៃតំបន់ខ្ពង់រាបប្រទេសស្កុតលែនដល់តំបន់ជ្រលងជួរភ្នំខ្ពស់ៗនៅអាមេរិកខាងជើងអ្នករចនាម៉ូតវិស្វករនិងវិចិត្រកររបស់ក្រុមហ៊ុនរថយន្តRolls-Royce បានបង្កើតរូបរាងធ្វើតេស្តសាកល្បងនិងដុសខាត់រថយន្តដ៏ពិសេសនេះដើម្បីបំបាត់រាល់ចំណុចខ្វះខាតហើយធ្វើឲ្យរថយន្តនេះជារថយន្តដែលប្រើប្រាស់ដោយមិនបាច់ប្រឹង…គ្រប់ទីកន្លែង។
លោកMüller-Ötvös បាននិយាយថា៖“គំនិតរបស់យើងគឺកើតចេញពីដំណើរវីរភាពដែលកើតមានជាច្រើនសតវត្សមកហើយនៅក្នុងការបង្កើតគ្រាប់ពេជ្រCullinan។ឈ្មោះCullinan នេះតំណាងឲ្យគ្រប់ជ្រុងទាំងអស់នៃការសន្យារបស់រថយន្តថ្មីរបស់យើងមួយនេះ។វាជារថយន្តដែលបង្ហាញពីភាពធន់និងភាពរឹងមាំនៅចំពោះមុខសម្ពាធខ្លាំងបំផុតជារថយន្តបង្ហាញអំពីភាពកម្រនិងភាពមានតម្លៃនិងតំណាងឲ្យស្មារតីនៃការរុករកនិងផ្សងព្រេងរបស់លោកCharles Rolls និងការបង្កើតថ្មីផ្នែកវិស្វកម្មរបស់លោកHenry Royce។ពិតណាស់រថយន្តនេះគឺតំណាងឲ្យភាពប្រណីតទាំងស្រុងសម្រាប់ការធ្វើដំណើរមិនថាអ្នកទៅកាន់ទីណានោះទេនៅក្នុងពិភពលោកនេះ”។
Cullinan គឺជារថយន្តទីពីររបស់យើងដែលត្រូវធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យាស្ថាបត្យកម្មប្រណីតដែលទើបតែប្រកាសថ្មីៗនេះនិងជាបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនដែលប្រើតួអាលុយមីញ៉ូម។ភាពភ្លឺរលោងរបស់រថយន្តនេះគឺពិសេសដាច់គេនិងគ្មានគូប្រៀបហើយគ្រប់ជ្រុងទាំងអស់របស់រថយន្តRolls-Royce Cullinan គឺសុទ្ធតែបញ្ចេញនូវពន្លឺភ្លឺរលោង។
លោកMüller-Ötvös បាននិយាយទៀតថា៖“និយាយដោយសមញ្ញឈ្មោះថាCullinan ជាឈ្មោះដែលល្អឥតខ្ចោះនិងបង្ហាញពីភាពភ្លឺត្រចះត្រចង់៕ វឌ្ឍនា