ភ្នំពេញ៖ រឿងក្តីឧកញ៉ា ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនៅកម្ពុជាបច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យរុស្ស៊ី និង ក្រុមអង្គរក្ស ពាក់ព័ន្ធការបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ រហូតមកទល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគឺមានរយៈពេល៣ខែហើយមិនទាន់បញ្ជូនសំណុំរឿងទៅឱ្យលោកចៅក្រមលី សុខលេងស៊ើបសួរបន្ថែមនៅឡើយទេដែលរហូតមកទល់ពេលនេះជនជាប់ចោទទាំងអស់បានជាប់ឃុំនៅពន្ធនាគាររយៈពេលជាង៣ឆ្នាំហើយ។
សំណុំរឿងនេះបានត្រូវតុលាការលើកយកមកប្រកាសសាលក្រមនៅល្ងាចថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៧បន្ទាប់ពីបានបើកសវនាការជំនុំជម្រះ២២លើកនិងពន្យារពេលប្រកាសសាលក្រមជាង៦ខែរួចមកហើយ។
សាលក្រមដែលលោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញអមដោយលោកម៉េង តូនីនិងលោកហេង កេសរោ ជាចៅក្រមប្រឹក្សាបានប្រកាសនោះគឺសម្រេចចាត់របៀបបង្វិលសំណុំរឿងនេះទៅឱ្យលោកចៅក្រមលី សុខលេងស៊ើបសួរបន្ថែម។
រឿងក្ដីនេះ ស្ទើរក្លាយជាមន្ទិលសង្ស័យគ្រប់មជ្ឈដ្ឋានទៅហើយ នៅពេលសាលក្រមរឿងក្ដីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ដែលមានលោក ថោង សារ៉ាត់ សេដ្ឋីស្តុកស្តម្ភនៅកម្ពុជា ជាមេខ្លោងបានបើកសវនាការជំនុំជម្រះ២២លើកនិងពន្យារពេលប្រកាសសាលក្រមជាង៦ខែរួចមកហើយបែរជាតុលលាការសម្រេចចាត់របៀបទៅវិញ។
អ្នកច្បាប់មួយរូបផ្សេងទៀតសុំមិនបញ្ចេញឈ្មោះ អះអាងថា រឿងក្តីព្រហ្មទណ្ឌបទល្មើសឧក្រិដ្ឋ ដែលសម្រេចចាត់របៀបនេះ មិនខុសច្បាប់នោះទេ តែអាចបង្កប់នូវភាពមិនប្រក្រតី ។
ប្រភពព័ត៌មាន បញ្ជាក់ថា ការចាត់របៀបនេះ គឺទុកពេលឱ្យអ្នករត់ការទៅសុំអន្តរាគមន៍ពីថ្នាក់លើដើម្បីជួយបន្ធូរបន្ថយទោសឬលើកលែងទោសឱ្យលោកថោង សារ៉ាត់និងគូកន។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិតនិងបទឃាតកម្មគិតទុកជាមុនដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតដែរ ។
ហេតុការណ៍បាញ់សម្លាប់កក្រើករាជធានីភ្នំពេញនេះ កើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ៕ ចេស្តា