ព័ត៌មានទាន់ហេតុការណ៍៖

គ្រាន់តែជក់បារីក្បែរ កើតទំនាស់ពាក្យសម្តីវាយតប់គ្នារងរបួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុប និងបុរសជាអ្នករត់រ៉ឺម៉កកង់បី ពីរនាក់បានទំនាស់ពាក្យសម្តីគ្នាបង្កហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យម្ខាងរបួសបែកក្បាលហូរឈាមពេញមុខ និងម្នាក់ទៀតរបួសស្រាល ព្រោះតែរឿងជាក់បារីក្បែរ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតូបកាហ្វេមួយកន្លែងជិត និងសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ភាគីរងរបួសបែកក្បាលឈ្មោះជា ផាន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកភាគីម្ខាងទៀតឈ្មោះខេង វន្នី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមសម្តីឈ្មោះជា ផាន បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងតែមកអង្គុយផឹកកាហ្វេជុំគ្នា និងលេងសើចទៅវិញទៅមក លុះមកដល់វេលាកើតហេតុរូបគាត់បានអង្គុយក្បែរ ឈ្មោះខេង វន្នី ហើយបានជក់បារី ខណៈកំពុងជក់ស្រាប់តែឈ្មោះខេង វន្នី យកជើងមកទាត់បារីចេញពីដៃ ភ្លាមនោះរូបគាត់បានយកអំបោសមកវាយជើងវិញ ស្រាប់តែឈ្មោះខេង វន្នី ស្ទុះមកវាយរូបគាត់ ទើបគាត់ទ្រាំមិនបាន ក៏វាយទៅវិញទៅមកហើយក៏បានអ្នកក្បែរនោះចាប់បំបែកឲ្យចេញពីគ្នាផងដែរ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីកើតហេតុរួចរូបគាត់ក៏បានបើកកង់បីចេញស្រាប់តែភាគីម្ខាងទៀតយកសោរម៉ូតូមកវាយបណ្តាលឲ្យបែកក្បាលហូឈាមពេញមុខ ក្រោយកើតហេតុរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីសុំការអន្តរាគមន៍។

បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះសមត្ថកិច្ចបានហៅជនបង្កមកសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីដោះស្រាយបន្ត ។

នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះតែរឿងជក់បារីក្បែរតែរូបគាត់ក៏រងរបួសដែរ៕ សុខាសែនជ័យ


ចែករំលែក៖