ខេត្តព្រះសីហនុ៖ នគរបាលស្រុកព្រៃនប់ បាន ចុះស្ទាក់ចាប់ម៉ូតូកែឆ្នៃខុសលក្ខណៈបច្ចេកទេសដូចជា ការតបំពង់ស៊ីមាំង បំពងសំឡេង ការដាក់ភ្លើងហ្វាឡាស៊ែរ ការដាក់ស៊ីផ្លេសំឡេងខ្លាំង និងការតសាក់ស៊ីវែង ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃ ចន្ទ ៥កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធ អធិការនគរបាលស្រុកព្រៃនប់ និងលោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរង ។
លោកវរសេនីយ៍ឯក ហ៊ីង ច័ន្ទរិទ្ធ បានមានព្រសាសន៍ឲ្យដឹងថា ប្រតិបត្តិការស្ទាក់ចាប់ម៉ូតូកែឆ្នៃខាងលើ ធ្វើឡើងនៅផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ដោយបានឃាត់ចាប់ម៉ូតូចំនួន២១គ្រឿង ក្នុងនោះម៉ូតូបំពាក់ភ្លើងឡាស៊ែចំនួន១៤ គ្រឿង និងម៉ូតូតបំពង់ស៊ីមាំងបំពងសំឡេងចំនួន៧គ្រឿង។
លោក បានបន្តថា ម៉ូតូទាំង២១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការព្រមានដល់ម្ចាស់ឲ្យ ធ្វើកិច្ចសន្យាត្រូវតែបញ្ឈប់ជាបន្ទាន់ និងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ដោយឲ្យរៀបចំម៉ូតូឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសដែលច្បាប់បានកំណត់ឡើងវិញ បើពុំដូច្នោះទេអាចប្រឈមមុខនឹងច្បាប់ ៕ ឆ្លាមសមុទ្រ