ព័ត៌មានទាន់ហេតុការណ៍៖

ប្ដី​ប្រពន្ធ២នាក់ កំពុង​ឈ្លោះប្រកែក​គ្នា ត្រូវបុរសម្នាក់​ទាញ​ដុំថ្មវាយយកៗ បណ្ដាល​ឲ្យ​បុរស​ជា​ប្ដីរបួស​បែកក្បាល​ ជនបង្ករត់គេចបាត់

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់ ដើរ​មកពី​ផឹកស៊ី​វិញ ឃើញ​ប្ដី​ប្រពន្ធ២នាក់ កំពុង​ឈ្លោះប្រកែក​គ្នា ស្រាប់តែ​មិនដឹងជាយ៉ាងម៉េចក៏ស្ទុះ​ទាញ​ដុំថ្មវាយក្បាលបុរសជាប្តី បណ្ដាល​ឲ្យ​រងរបួស​បែកក្បាល​ជាច្រើនកន្លែងហូរឈាម​ស្រោចពេញខ្លួន រួចបុរសបង្កហេតុ​រត់​គេចខ្លួនបាត់​បន្ទាប់ពី​ធ្វើ​សកម្មភាព កាលពីវេលា​ម៉ោង៩យប់ ថ្ងៃ​ច័ន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥១៦ ត្រូវ​នឹង​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​សន្សំ​កុសល១ សង្កាត់​បឹងទំពុន១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីបុរសរងគ្រោះ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គាត់​កំពុង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ដោយ​មិនបាន​ប្រើ​ហិង្សា​លើ​គ្នា​នោះទេ ខណៈពេលដែល​គាត់​កំពុង​ស្រែក​ប្រកែក​ជាមួយ​ប្រពន្ធ​គាត់​តិចតួច​ប៉ុណ្ណោះ ហើយក៏​លេចមុខ​បុរស​ឈ្មោះ សំ ចាន់ណា ដើរ​ចូលមកក្នុងសភាពស្រវឹងផងដែរនោះ ។ ហើយនៅពេលនោះ គាត់​ស្មានតែ​ជន​ដៃដល់​ចូលមក​ជួយ​ឃាត់ ដើម្បី​កុំ​ឲ្យ​​ឈ្លោះប្រកែក​គ្នា​បន្តទៀត ស្រាប់តែ​ជន​នោះបាន​វាយ​គាត់​មួយ​ដៃ​បែក​មាត់ គាត់​ក៏បាន​រត់​ដេញ​វាយ​វិញ មិន​ប្រយ័ត្ន​ក៏​រអិល​ជើង​ដួល​ផ្កាប់មុខ ស្រាប់តែ​​ឈ្មោះ សំ ចាន់ណា រត់​ទៅ​រើស​ដុំថ្ម រួច​ស្ទុះ​វាយ​ក្បាល​គាត់​មួយ​ទំហឹង​ជាច្រើន​ដង បណ្តាល​ឲ្យ​បែកក្បាល​ជាច្រើន​កន្លែង ហូរឈាម​ស្រោចពេញខ្លួនតែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះ​ដែលរងរបួស​បែកក្បាល​ ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​មន្ទីរពេទ្យ​ដេរ​អស់២៣ថ្នេរ ។​ ចំណែកបុរស​ឈ្មោះ សំ ចាន់ណា ទីលំនៅ​មិន​ពិតប្រាកដ និងជាជនដៃដល់ បាន​រត់​គេចខ្លួនបាត់​ស្រមោល ។

លុះនៅ​រសៀល​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនរងគ្រោះក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​បឹងទំពុន​ទី១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែងរក និង​ឃាត់ខ្លួន​ជនបង្ក​យកមក​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់ ៕ ស តារា


ចែករំលែក៖