ភ្នំពេញ៖ ម៉ូតូហុងដាឌ្រីមបោះពួយយ៉ាងលឿនទៅបុកនិង ម៉ូតូ ភូហ្សា ពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ស្រាល២នាក់ ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យឯកជន ។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុច ចុងស្ពានអាកាស៧មករា ប៉ែកខាងលិច តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពថា ឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GB-4623 ធ្វើដំណើរចុះពីលើស្ពានអាកាស៧មករា ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកនិងម៉ូតូមួយគ្រឿងទៀតម៉ាក ភូហ្សា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GG-4226 បើកបរដោយបុរសម្នាក់ដែលកំពង់បើកពីមុខស្របទិសគ្នាពីក្រោយពេញទំហឹង បណ្តាលអ្នកបើកម៉ូតូសេ១២៥ នោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ចំណែកអ្នកបើកម៉ូតូ ភូហ្សា រងរបួសស្រាល ភ្លាមៗនោះប្រជាពលរដ្ឋបានទាក់ទងហៅរថយន្តសង្គ្រោះរបស់ក្លីនីក រស្មី ដឹកយកទៅសង្គ្រោះភ្លាម ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចនគរបាលចរាចរចុះមកវាស់វែងនិងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ តុង សីហា