ព័ត៌មានទាន់ហេតុការណ៍៖

អួនច្រើនវង់កំពុងនេសាទល្មើសច្បាប់ក្បែរច្រមុះប្រធានមន្ទីរកសិកម្មខេត្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ តាំងពីរសៀលថ្ងៃទី២១ ខែកុម្ភៈ រហូតដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ អួនច្រើនវង់កំពុងធ្វើសកម្មភាពនេសាទល្មើសច្បាប់នៅចំណុចមុខព្រែកទល់ ស្ថិតក្នុងឃុំរាំងទិល ស្រុកកណ្តៀង ស្របពេលដែលមានសេចក្តីរាយការណ៍ថា លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ កំពុងចុះបឹងទន្លេសាបដើម្បីមើលបទល្មើសនោះដែរ។ អ្វីដែលជាចំណោទនោះថា ហេតុអ្វីបានជាក្រុមអ្នកនេសាទល្មើសច្បាប់អត់ខ្លាចលោក ឡាយ វិសិទ្ធ ចុះទៅបឹងទន្លេសាប ហើយនៅតែប្រព្រឹត្តល្មើសទៀតនោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកនេសាទល្មើសច្បាប់មុខដដែលៗ បានប្រើអួនច្រើនវង់ ដែលក្នុងមួយវង់ៗ ចម្ងាយប្រហែលជិត២ពាន់ម៉ែត្រធ្វើសកម្មភាពនេសាទល្មើសច្បាប់ជារៀងរាល់ថ្ងៃនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ដោយមិនខ្លាចញញើតសមត្ថកិច្ចអ្វីឡើយ ។ សមត្ថកិច្ចជំនាញផ្នែករដ្ឋបាលជលផល ត្រូវប្រជាពលរដ្ឋរាយការណ៍ថា ជាឆ្មាំចាំឃ្លាំមើលឲ្យពួកអ្នកនេសាទក្រែងមានសមត្ថកិច្ចដទៃចុះទៅបង្ក្រាប ពួកគេរាយការណ៍ឲ្យអ្នកនេសាទដកថយ ឬពន្លិចឧបករណ៍នេសាទ។

លោកឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ឃុបឃិតជាមួយមន្ត្រីរបស់ខ្លួន អនុញ្ញាតឲ្យមានបទល្មើសនេសាទជាថ្នូរនឹងផលប្រយោជន៍។ មន្ត្រីជលផលតាមផ្នែកសង្កាត់ ជាអ្នកឃុបឃិតជាមួយអ្នកនេសាទខុសច្បាប់។ ជាក់ស្តែងសង្កាត់រដ្ឋបាលជលផលកណ្តៀង លោក ភុន សុវណ្ណា ត្រូវគេរាយការណ៍ថា ត្រូវរ៉ូវជាមួយអ្នកនេសាទល្មើសច្បាប់ដូចអណ្តាតនឹងធ្មេញ។ ជារឿយៗ នៅពេលដែលអ្នកកាសែតសួរពីបញ្ហាមានអ្នកនេសាទល្មើសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន លោក ភុន សុវណ្ណា តែងតែនិយាយថា នឹងចុះទៅមើលភ្លាមៗ។ នៅពេលដែលមានការសួរនាំញឹកញាប់ លោកភុន សុវណ្ណា ទូរស័ព្ទប្រាប់ពួកអ្នកនេសាទល្មើសច្បាប់ឲ្យផ្អាកសកម្មភាព។

រឿងរ៉ាវនៅបឹងទន្លេសាបស្ថិតក្រោមក្រសែភ្នែករបស់លោកប្រធានមន្ទីរកសិកម្មយ៉ាងច្បាស់ក្រឡែត។ ជាក់ស្តែង ការនេសាទល្មើសច្បាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង និងស្រុកក្រគរ កំពុងដំណើរការយ៉ាងសកម្ម នៅគ្រាដែលលោកប្រធានមន្ទីរក៏កំពុងមានវត្តមាននៅបឹងទន្លេសាបនោះដែរ។ មានន័យថា ពួកអ្នកនេសាទមិនញញើតលោកប្រធានមន្ទីរនោះទេ ព្រោះបានត្រូវរ៉ូវគ្នាអស់ហើយ ៕ ប៉ឹម ពិន


ចែករំលែក៖