ភ្នំពេញ ៖ ស្ត្រីម្នាក់ជាអ្នករកស៊ីចង់ការប្រាក់ បានចាញ់បោកស្ត្រីម្នាក់ និងបុរសម្នាក់ ដែលជាកូនបំណុលបានលួងលោមផ្សំគំនិតមកខ្ចីលុយអស់សរុបទាំងអស់១៨០០ដុល្លារ ហើយជនឆបោកទាំង២នាក់នោះបានបោះសម្ដីថា «មិនសងទេ ទៅប្តឹងណាប្តឹងទៅ» ទើបទៅប្តឹងសមត្ថកិច្ច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១១៨ នៅចំណុចក្នុងប៉ុស្តិ៍ផ្សារចាស់ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។
ស្រ្តីរងគ្រោះឈ្មោះ ថិន ធា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរជាអ្នកចង់ការប្រាក់ ស្នាក់នៅផ្ទះលេខ១៨Bo ផ្លូវលេខ១៧ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ មានជនឆបោកម្នាក់ឈ្មោះ តាន់ សុខជំនោរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅបច្ចុប្បន្ននៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងស្ត្រីម្នាក់ទៀតមានឈ្មោះ សេង លក្ខិណា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៤៥ឆ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សកែវ ទាំង២នាក់នេះ គឺគាត់ស្គាល់តៗគ្នាតាមរយៈអ្នករកស៊ីចង់ការប្រាក់ដូចគ្នា ។
លុះពេលថ្ងៃកើតហេតុខាងលើនេះ ពួកគេបានជិះម៉ូតូមកផ្ទះដែលរស់នៅម្តុំផ្សារចាស់ដើម្បីខ្ចីលុយដោយជនឆបោកខាងស្ត្រីឈ្មោះ សេង លក្ខិណា នោះបានខ្ចីលុយទាំងមុនទាំងក្រោយចំនួនសរុបទាំងអស់ចំនួន ៨០០ដុល្លារ មុននឹងខ្ចីមានការសន្យាថា «សងវិញ» ប៉ុន្តែយកអត្តសញ្ញាណប័ណ្ណ រួមនឹងសៀវភៅគ្រួសារយកមកតម្កល់ទុកឲ្យ រួចហើយក៏បុរសឈ្មោះ តាន់ សុខជំនោរ ដែលមកជាមួយស្ត្រីឆបោកនោះបានខ្ចីលុយទាំងមុនទាំងក្រោយចំនួនសរុបទាំងអស់ចំនួន ១០០០ដុល្លារ ដោយស្ត្រីឆបោកដែលមកជាមួយនោះជា អ្នកធានាអះអាងថា «នឹងចេញសង បើសិនបុរសខាងលើនេះមិនសង គឺគាត់ចេញសងជំនួស» ប៉ុន្តែពួកគាត់ទាំងនោះមិនបានសងទៅតាមកិច្ចសន្យានោះទេ ពេលដែលស្ត្រីរងគ្រោះទៅទារលុយ បែរជាស្ត្រី និងបុរសឆបោកទាំង២នាក់នោះ បោះសម្ដីដាក់ម្ចាស់លុយថា «ចង់ទៅប្តឹងណាក៏ទៅប្តឹងទៅ គាត់គ្មានលុយសងនោះទេ» បច្ចុប្បន្នពួកគេទាំងនោះបានរត់ចោលផ្ទះសម្បែងដែលខ្លួនរស់នៅរាល់ថ្ងៃ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះគាត់រៀបចំឯកសារដែលពាក់ព័ន្ធដើម្បីយកទៅប្តឹងនៅតុលាការ ដើម្បីចាត់ការជនឆបោកប្រុសស្រីទាំង២នាក់នេះ ចាត់ការតាមនីតិវិធីច្បាប់ ៕ ស តារា