ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនគរបាលសេដ្ខកិចខេត្ត្ចម្នាក់ និងនាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួងនៅពីក្រោយអួនហ៊ុំបំផ្លាញមងប្រជានេសាទលក្ខណៈគ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជានេសាទរាយមង សន្ទូច ជាឧបករណ៍លក្ខណៈគ្រួសារ រាយការណ៍ថា មានបទល្មើសនេសាទខុសច្បាប់ ស្តីពីជលផលប្រភេទ(អួនហ៊ុំ)ច្រើនវង់(យ៉ាងតិច៦វង់) កំពុងធ្វើសកម្មភាពរាល់ថ្ងៃ និងបំផ្លិចបំផ្លាញមង សន្ទូច របស់ពួកគាត់ដាច់ខ្ទេចខ្ទី គ្មានសល់ ។ មន្រ្តីជំនាញរដ្ឋបាលជលផល ស្ងាត់មាត់ដូចគេចុក ខណៈក្រុមល្មើសអួន ហ៊ុំ ទាំងនេះ មាននគរបាលសេដ្ឋកិច្ចខេត្តម្នាក់ និងនាយរងប៉ុស្តិ៍រដ្ឋបាលកំពង់លួងម្នាក់ទៀត នៅពីក្រោយខ្នង ។

ប្រភពរាយការណ៍បន្តថា ក្រុម អួន ហ៊ុំ ខុសច្បាប់ ស្តីពីជលផល ដែលកំពុងធ្វើកម្មភាពបំផ្លិចបំផ្លាញមង សន្ទូច ប្រជានេសាទរាល់ថ្ងៃនោះ គេង្កេតឃើញមាននៅម្ដុំព្រំប្រទល់ស្រុកកណ្ដៀង និងស្រុកក្រគរ ពិសេសក្នុងអតីតឡូត៍នេសាទលេខ៧ ស្ថិតក្នុងភូមិកេះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តថា ជាអចិន្ត្រៃយ៍ គេសង្កេតឃើញឧបករណ៍ប្រភេទអួន ហ៊ុំ ដែលមានប្រវែងមិនក្រោមចាប់ពី៧០០ម៉ែត្រ ទៅ៨០០ម៉ែត្រនោះទេ ក្នុង១វង់ៗ និងខ្លះមានប្រវែង២០០០ម៉ែត្រ ហើយមានមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តម្នាក់ ឈ្មោះ សារឿន សារ៉ាវុធ និងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួងម្នាក់ទៀតឈ្មោះ សេង សំណាង(ហៅដំរី) នៅពីក្រោយ ហើយគេឮព័ត៌មានជាច្រើនលើកឡើងស្រឌៀងៗគ្នាថា ឧបករណ៍ប្រភេទ អួន ហ៊ុំ ខាងលើនេះក្នុង១វង់ៗ ត្រូវបានរត់ការ គ្រប់ស្ថាប័នពាក់ព័ន្ធអស់ហើយ ចាប់ពីចំនួន២៥លានរៀលទៅដល់៣០លានរៀល ហើយគេយកលុយរត់ការជាតំណាក់ ៗ ។ នេះបើតាមការនិយាយគ្នាជាក់ស្ដែង។

ប្រភពបន្តទៀតថា ដោយសារតែមានសមត្ថកិច្ចនគរបាលនៅពីក្រោយ និងក្រុមអ្នកប្រព្រិត្តបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផលទាំងនោះ ចំណាយលុយកាក់យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះហើយ ទើបពួកគេធ្វើសកម្មភាព ដោយមិនខ្វល់ពីការខូចខាតឧបករណ៍នេសាទតូចតាច បញ្ហានេះ ប្រជាពលរដ្ឋទទូចសំណូមពរក្រសួងមានសមត្ថកិច្ច ពិសេសអាជ្ញាធរ គួរមានវិធានការ ចាត់អធិការកិច្ចចុះស្រាវជ្រាវផង ក្រែងលោថា ប្រជានេសាទចេះតែនិយាយ ដោយគ្មានករណីកើតឡើងពិតប្រាកដ។

បើទោះបីប្រភពព័ត៌មានបានរាយការណ៍ជាប់ជំពាក់វាក់វិនទៅនឹងមន្រ្តីនគរបាលទាំង២រូបខាងលើបែបនេះក្តី ប៉ុន្តែភ្នាក់ងារព័ត៌មាននគរវត្ត មិនអាចស្វែងរកការពន្យល់បានទេ ពីលោក សារឿន សារ៉ាវុធ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងលោក សេង សំណាង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ។

រហូតមកដល់ព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ សកម្មភាពនេសាទល្មើសច្បាប់ដោយឧបករណ៍អូន ហ៊ុំ នៅតែបន្តសកម្មភាពយ៉ាងងងើលដោយមិនខ្លាចច្បាប់ឡើយ ។ មន្ត្រីជលផលកំពុងផ្អែមមាត់នឹងបទល្មើសនេះ ៕ ប៉ឹម ពិន

 


ចែករំលែក៖