ព័ត៌មានទាន់ហេតុការណ៍៖

ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​រឹបអូស​ ដោយ​តុលាការ​ បិទ​ផ្លូវ​តវ៉ា​

ចែករំលែក៖

ភ្នំពេញ​៖ ស្នាក់ការ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​រឹបអូស​ជា​បណ្ដោះ​អាសន្ន​ ដោយ​តុលាការ​ ដើម្បី​ទូទាត់​សំណង​ជូន​ដើម​បណ្តឹង​រដ្ឋប្បវេណី​ គឺ​ សម្តេច​មហា​ពញ្ញា​ចក្រី​ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ ។

យោង​តាម​ដីកា​សម្រេច​រឹបអូស​ជា​បណ្ដោះ​អាសន្ន​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៧​ ខែ​កុម្ភៈ​ បង្ហាញ​ថា​ លោក​រស់​ ពិសិដ្ឋ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេចរឹបអូសជាបណ្តោះអាសន្ន​ ៖

១៖ រឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សម រង្ស៊ី ជាអចលនវត្ថុ (ដី និងអគារ) ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់ អចលនវត្ថុលេខ ភព ០៩៧២៥ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៧ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រង់ចាំតុលាការសម្រេចដល់សំណុំរឿងអង្គសេចក្តីចប់ជាស្ថាពរ។

ទី២៖ ដើម្បីទទួលបាននូវការលុបចោលការអនុវត្តការរឹបអូសជាបណ្តុះអាសន្ននេះ កូនបំណុលឈ្មោះ សម រង្ស៊ី ត្រូវផ្ញើរប្រាក់តម្កល់ នៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន៤,២៤០,០០០,០០០ (បួនពាន់ពីររយហាសិបលានរៀល) ជាប្រាក់រំដោះ។

ទី៣៖ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់កូនបំណុល។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានតុលាការកំពូលសាលដីកា សម្រេចឲ្យសងសំណងជំងឺចិត្តដល់ សម្តេចពញ្ញាចក្រី ហេង សំរិន ដែលជាដើមបណ្តឹង ចំនួន 250.000.000 រៀល(ពីររយហាសិបលានរៀល) ពាក់ព័ន្ធនឹងករណីដែលលោកបង្ហោះបរិហារកេរ្តិ៍នៅលើបណ្តាញសង្គម Facebook របស់លោកដោយ ចោទប្រកាន់ សម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេច សីហនុ កាលដឹកនាំប្រទេស។

ជាមួយគ្នានេះ លោក សម រង្ស៊ី អតីតប្រធាននៃអតីគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានតុលាការបង្គាប់ឱ្យ​សងជំងឺចិត្តសម្តេចតេជោ ហ៊ុន សែន ចំនួន៤ពាន់លានរៀល ស្មើប្រមាណ១លានដុល្លារ និងពិន័យចូលរដ្ឋប្រមាណ ១០លានរៀល ចំពោះបទបរិហារកេរ្តិ៍ជាសាធារណៈ។ ក្រៅពីនោះ លោកក៏មានសំណុំរឿងព្រហ្មទណ្ឌលជាច្រើនទៀត កំពុងស្ថិតនៅក្នុងកណ្តាប់ដៃតុលាការ៕ ចេស្តា


ចែករំលែក៖