ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់ថ្ងៃចូលរោងការ ស្រវឹងលង់ទឹកស្រះស្លាប់ក្រោយផ្ទះគូដណ្តឹង

ចែករំលែក៖

ខេត្តកណ្តាល: បុរសម្នាក់ក្រោយពី ផឹកស្រវឹង បានទៅងូតទឹកបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ខណ:ដែលជនរងគ្រោះមានគូដណ្តឹង ដែលជិតនឹងចូលរោងការទៅហើយនោះ។

ករណីនេះកើតឡើងនៅម៉ោង៦និង២០នាទីព្រលប់ថ្ងៃ ចន្ទ ១២ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ក្នុងស្រះទឹក នៅក្នុងភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានអាយុជាង២០ឆ្នាំ មានគូដណ្តឹងដែលជិតដល់ថ្ងៃចូលរោងការទៅហើយ ហើយមុនពេលកើតហេតុ មានពិធីមង្គលការគេនៅក្បែរនឹងផ្ទះរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានទៅចូលរួមកាត់ចំណងដៃឲ្យគេ និងបានផឹកស៊ីជាមួយគេដែរ។ លុះពេលស្រវឹងស្រាខ្លាំងក៏ចុះទៅងូតទឹកស្រះក្រោយផ្ទះគូដណ្តឹងតែម្នាក់ឯងដោយគ្មានអ្នកណាដឹង បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

បន្ទាប់មកសមត្ថកិច្ចជំនាញ បានចុះទៅធ្វើ ធ្វើកំណត់ហេតុ និងកោសល្យវិច័យដោយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយលងទឹកស្រះប្រាកដមែនហើយក៏បានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ ប្រាថ្នា


ចែករំលែក៖