ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ម៉ាឡេស៊ី គ្រោងវិនិយោគវិស័យឧស្សាហកម្ម ម្ហូបអាហារ និងពាណិជ្ជកម្មដ៏ធំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ម៉ាឡេស៊ីគ្រោងវិនិយោគលើ វិស័យ ឧស្សាហកម្ម ម្ហូបអាហារ ពាណិជ្ជកម្ម និងទេសចរនៅកម្ពុជា ដើម្បីស្រូបយកកម្លាំងពលកម្មការងារ ជូនពលករកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត នៅពេលអនាគត ស្របពេលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ក្នុងឱកាស ដែលលោកទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ ម៉ាឡេស៊ី ដឹកនាំដោយលោក Dato’ Adli Bin Dato’ Seri Malek Hasan អ្នកវិនិយោគម៉ាឡេសុី និង លោក Wael Elsayed Elbadawi Elmorsi Khalil Arafa តំណាងអង្គការសប្បុរសធម៍អារ៉ាប់ គូវ៉ែត កាតា និង សហការី កាលពីថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិង ថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១៨ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដោយមានការសហប្រតិបត្តិការយ៉ាងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង ម៉ាឡេស៊ី ក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល មាន សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំប្រទេស ដែលធ្វើឲ្យមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ធ្វើឲ្យគ្រប់សាសនា នៅកម្ពុជាគ្មានទំនាស់ និង រើសអើងនឹងគ្នា ជាពិសេសក្រោមឆត្រ័គណបក្សប្រជាជនកម្ពុជា ក្រោយទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាតិ កន្លងមក ។

លោក Dato’ Adli Bin Dato’ Seri Malek Hasan អ្នកវិនិយោគ ដ៏ល្បីឈ្មោះនៅម៉ាឡេស៊ី បានបញ្ជាក់ថា៖ ម៉ាឡេស៊ីធ្លាប់បានបោះទុនវិនិយោគផ្នែកឧស្សហកម្ម ផលិត ម្ហូបអាហារបែបឥស្លាម សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកខ្នាតតូចរួច ម្ដង់ហើយដែរតែខ្នាតតូចតាច ដោយចំណាយដើមទុនតិចតួច ។ តែបច្ចុប្បន្ន កំណើនសេដ្ឋកិច្ចកម្ពុជា មានទំហំធំនិងកើនឡើងជារៀងរាល់ថ្ងៃ តម្រូវការអតិថិជន នៅលើទីផ្សារ ក៏មានច្រើនផងនោះ ដូច្នេះការវិនិយោគទុន របស់ភាគី ម៉ាឡេស៊ី ក៏ត្រូវបង្កើនឡើងផងដែ។ ដោយមានទំនុកចិត្ដ មកលើរាជរដ្ឋាភិបាលកម្ពុជា ម៉ាឡេស៊ី បានបោះទុន វិនិយោគលើគ្រប់វិស័យប្រមាណជាង ៤ ពាន់ទៅ៥ពាន់លានដុល្លារផងដែរ ។

លោក អូស្មាន ហាស្សាន់ ក៏បានអគុណដល់ភាគី ម៉ាឡេស៊ី ដែល បានសម្រេច បន្ដកិច្ចសហប្រតិបត្ដិការ ជាមួយកម្ពុជា លើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិនិយោគ និង មនុស្សធម៌ ដែលជានិច្ចកាល តែងតែផ្តល់កិច្ចសហការ ល្អជាមួយកម្ពុជា ក៏ដូចជាសហគមន៍ខ្មែរឥស្លាម។

លោកក៏បានចាត់ទុក ការជួបពិភាក្សារការងារនេះ គឺជាការ បង្ហាញពីភាពស្និទ្ធស្នាលរវាងភាគីប្រទេសទាំងពីរ ដើម្បីសិក្សាស្វែងយល់បន្ថែម លើមុខជំនួញ អាជីវកម្ម ឲ្យកាន់តែរីកចម្រើនទៅមុខ ដោយប្រកាន់យកមុខជំនួញនោះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។ លោកបានបញ្ជាក់ថា៖ ម៉ាឡេស៊ីនូវតែជាមិត្ដនិងដៃគូដ៏ល្អ ជួយដល់កម្ពុជា ក្នុងការអភិវឌ្ឍ លើគ្រប់វិស័យ ដូចជា ជួយផ្នែកទំនាក់ទំនងការទូត ពាណិជ្ជកម្ម, ឧស្សាហកម្ម ,កសិកម្ម,វប្បធម៏ និងទេសចរណ៏ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ី ក៏បានចូលរួមចំ ណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរឥស្លាម នៅ ជនបទ និងនៅទីប្រជុំជនផងដែរ ៕ សំរិត


ចែករំលែក៖