ខេត្តបាត់ដំបង ៖ នគរបាលស្រុកសំពៅលូននាំគ្នាវិលក្បុង ព្រោះតែស្រី្តម្នាក់ប្រឌិតរឿងថាចោរ ចូលប្លន់ដល់ក្នុងផ្ទះយកលុយអស់ពីខ្លួន ដែលលុយនេះជាលុយរបស់កូនសន្សំផ្ញើទុកនឹងម្តាយ ធ្វើឲ្យនគរបាលសហការគ្នាតាមចាប់ក្រុមចោរទាំងយប់ តែចាប់មិនបាន ។ លុះក្រោយមកទើបបែកធ្លាយថា រឿងនេះមិនមែនជារឿងចោរប្លន់នោះទេ គឺជារឿងដែលស្រី្តជាម្តាយប្រឌឹត បន្ទាប់ពីយកលុយកូនទៅលេងល្បែងកន្ទុយលេខចាញ់អស់។
ហេតការណ៍ប្រឌឹតរឿងនេះកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃ ចន្ទ ១២ កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ធ្វើឲ្យពេលនោះកម្លាំងនគរបាលស្រុកសំពៅលូននាំគ្នាចេញប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យភ្លាមៗ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ស្រី្តឈ្មោះ វង់ វណ្ណា អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានរាយការណ៍ទៅសមត្ថកិច្ចថា មានករណីជនប្រដាប់អាវុធចំនួន ៥នាក់បាន ចូលប្លន់យកទ្រព្យសម្បត្តិដល់ក្នុងផ្ទះរបស់គាត់ដោយយកលុយអស់ប្រាក់ថៃចំនួន ៧៥,០០០បាត និង មាសចំនួន ៥ជី រួចជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអធិការនគរបាលស្រុកសំពៅលូន បានរាយការណ៍មកលោកស្នងការស្ដីទី លោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាឲ្យកម្លាំងជំនាញខេត្តសហការស្រុក ចុះទៅដល់កន្លែងកើតហេតុ និងបានស្រាវជ្រាវសាកសួរបំភ្លឺជុំវិញករណីនេះជាបន្ទាន់ ។
លទ្ធផលក្រោយពេលសមត្ថកិច្ចសាកសួរ ឈ្មោះ វង់ វណ្ណា បានឆ្លើយសារភាពថា ខ្លួន បានប្រឌិតរឿងនេះឡើងទេ ព្រោះខ្លួនបានយកប្រាក់សន្សំរបស់កូន ដែលផ្ញើពីប្រទេសថៃទៅលេងល្បែង (កន្ទុយលេខ) ចាញ់អស់លុយគ្មានសល់ហើយ ដោយមានក្តីបារម្ភគ្មានលទ្ធភាពសងប្រាក់ទៅអោយកូនវិញ ទើបខ្លួនប្រឌិតរឿងនេះឡើងដើម្បីរួចផុតពីការស្តីបន្ទោស។ទីបំផុត ស្រី្តរូបនេះត្រូវបានសមត្ថកិច្ចព្រមាននិងស្តីបន្ទោសយ៉ាងខ្លាំង ថាប្រឌឹតរឿង ធ្វើឲ្យចលាចលពេញស្រុក ថ្ងៃក្រោយមិនត្រូវធ្វើបែបនេះទៀតទេ ៕ សហការី