ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាព្រួតគ្នាវាយម្នាក់មួយដៃមួយជើងទ្រមខ្លួន សល់តែដង្ហើមចង្រឹត ក្រោយពីធ្វើសកម្មភាពបន្លំលួយយកកាបូបលុយពីជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២ និង៥៥នាទី ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងមុខវត្តឧណ្ណាឡោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរ៉ឺម៉កម៉ូតូកង់បីដោយមានជនរងគ្រោះរងរបួស ហើយពេលនោះជនសង្ស័យបានធ្វើជាទៅជួយលើកជនរងរគ្រោះ និងបន្លំយកកាបូបលុយពីជនរងគ្រោះរួចដើរចេញពីកន្លែងកើតហេតុបំណងគេចខ្លួន។
ប្រភពបានបន្តថា ពេលដែលឃើញដូច្នេះ ប្រជាពលរដ្ឋបានសួរទៅជនសង្ស័យថា យកកាបូបលុយគេទៅណា ពេលនោះស្រាប់តែជនសង្ស័យរត់បំណងគេចខ្លួន តែត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បាន និងព្រួតវាយម្នាក់មួយដៃមួយជើងសល់តែដង្ហើមចង្រឹតសន្លប់ស្តូកស្តឹងតែម្ដង។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ និងបានហៅរថយន្ដសង្គ្រោះបន្ទាន់ដឹកជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែតទើបយកទៅសួរនាំពេលក្រោយ៕ ភារ៉ា ដង្កោ