ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើស២ផ្សេងគ្នានៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើស២ផ្សេងគ្នាត្រូវបានកម្លាំងនគរបាលព្រហ្មខណ្ឌច្បារអំពៅចាប់ខ្លួនជាបន្តបន្ទាប់កាលពីរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅគោលដៅ២ផ្សេងគ្នា ក្នុងនោះជនសង្ស័យ២នាក់ពាក់ព័ន្ធករណីទទួលកត់ឆ្នោតវៀតណាម និងម្នាក់ទៀតពាក់ព័ន្ធករណីឆបោកលុយគេ ។

ជនសង្ស័យ ទី១-ជនសង្ស័យឈ្មោះលឹម វុទ្ធី ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរភ្នាក់ងារកត់ កន្ទុយលេខ ស្នាក់នៅផ្ទះកើតហេតុ។ ទី២-ជនសង្ស័យឈ្មោះតាក រៀម ភេទ ស្រី អាយុ៤១ឆ្នាំ ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិអូរអណ្តូង១ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ជាអ្នកចាក់កន្ទុយលេខ ។ ជនសង្ស័យទាំង២នាក់នេះត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកប្រាចាប់ខ្លួននៅក្នុងផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះហង្ស សុធា ភេទ ប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ២៥៧ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកលុយពីជនរងគ្រោះឈ្មោះ ឃិន ម៉ៅ ភេទ ប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ២៨៦ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌបានអោយដឹងថា ករណីចាប់ខ្លួនអ្នករកស៊ីកត់កន្ទុយលេខ សមត្ថកិច្ចដកហូតបាន ក្រដាសកត់កន្ទុយលេខរួច១០សន្លឹក ,ក្រដាសកាគែរចំនួន១០សន្លឹក , លុយខ្មែរចំនួន ២៣ម៉ឺនរៀល , ទូរស័ព្ទ ដៃ០២គ្រឿង, ប៊ិចចំនួន ១០ដើម, ទឹកលុប០២ដើម, បន្ទាត់០១ និងម៉ាសុីនគិតលេខ០១គ្រឿង, ក្រដាសសេរីផ្ទៀងកន្ទុយលេខមួយចំនួន និងក្រដាស មិនទាន់កត់កន្ទុយលេខមួយចំនួន។ ដោយឡែកករណីឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតចោទពីបទរំលោភលើសេចក្តីទុកចិត្តនោះគឺផ្តើមចេញពីជនរងគ្រោះជួបជនសង្ស័យកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង០៧និង៣០នាទី នៅចំណុចកើតហេតុ ពេលនោះជនរងគ្រោះក៏សួរនាំថា បើឲ្យលុយទៅលោះម៉ូតូឯង តើមានបញ្ហាដែរឬទេ? ជនសង្ស័យថា គ្មានបញ្ហាអ្វីទេ? ជរងគ្រោះក៏ឲ្យលុយទៅជនសង្ស័យចំនួន ១៥០ដុល្លារ ដើម្បីទៅលោះយកម៉ូតូ ពេលទទួលបានលុយហើយជនសង្ស័យអត់យកទៅលោះម៉ូតូនោះទេបែរជា យកលុយជនរងគ្រោះទៅលេងហ្គេមបាញ់ត្រី, ទិញគ្រឿងញៀនជក់ និងសុីចាយអស់។ លុះដល់ថ្ងៃទី២៨-០២ -២០១៨ ម៉ោង១១និង០០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស


ចែករំលែក៖