ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី សហាការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនស្ត្រីជនសង្ស័យជាមេការ និងកូនជាងកាត់ដេរ ចំនួន ០៧ នាក់ របស់ហាងកាត់សម្លៀកបំពាក់ យីហោ អេលីត ឡាហ្គា មានទីតាំងនៅក្នុងខណ្ឌសែនសុខ ពាក់ព័ន្ធករណី លួច និងរំលោភលើទំនុកចិត្ត។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ ជៀម ស្រីម៉ិច ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ មេជាងកាត់ដេរ ទីលំនៅផ្ទះជួលលេខ ៩៩អា ផ្លូវ១៩៩០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងកូនជាងកាត់ដេរចំនួន ០៦នាក់ទៀត។
សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើនេះ ធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់ម្ចាស់ហាងកាត់សម្លៀកបំពាក់ អេលីត ឡាហ្គា មានទីតាំងផ្ទះលេខ២៦ ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមប្រភពដដែលបានបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងកូនជាងជាបក្ខពួក ដែលបម្រើការងារនៅក្នុងហាង កាត់សម្លៀកបំពាក់ អេលីត ឡាហ្គា បាននាំគ្នា លួចយកសម្ភារកាត់សម្លៀកបំពាក់ជាច្រើនមុខ ពីក្នុងហាងរបស់ជនរងគ្រោះ ទៅលួចកាត់ដេរសម្លៀកបំពាក់ឲ្យភ្ញៀវជាលក្ខណៈឯកជន នៅក្នុងផ្ទះជួលដែលម្ចាស់ហាង អេលីត ឡាហ្គា ជួលឲ្យឈ្មោះ ជៀម ស្រីម៉ិច ជាមេការ និងបក្ខពួក ស្នាក់នៅ ដោយយកម៉ូតតាម ហាង អេលីត ឡាហ្គា ប៉ុន្តែយកតម្លៃ ធូរថ្លៃជាង ដែលជាការប៉ះពាល់ដល់ចំណូលរបស់ហាង។
សមត្ថកិច្ចបន្ថែមថា ជនសង្ស័យឈ្មោះ ជៀម ស្រីម៉ិច និងបក្ខពួក បានធ្វើសកម្មភាព លួចយកសម្ភារកាត់ដេរសម្លៀកបំពាក់របស់ហាង អេលីត ឡាហ្គា ទៅលួចដេរសម្លៀកបំពាក់ឲ្យភ្ញៀវ យកតម្លៃទាបជាងហាង តាំងពីអំឡុងឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែម្ចាស់ហាង អាណិត និងហៅធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារ ឲ្យពួកគេឈប់ធ្វើបែបនោះតទៅទៀត តែក្រុមជនសង្ស័យ នៅតែបន្តធ្វើដដែល ទើបម្ចាស់ហាង ដាច់ចិត្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តងទៅ។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕ អរុណរៈ