ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូស៊េរីទំនើបធុនធំល្បឿនលឿនជែងក្នុងសភាពគ្រោះថ្នាក់បុកម៉ូតូសង់១គ្រឿងស្លាប់ទាំង២នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានស្លាប់ក្រោយបញ្ជូនយកទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ខណៈដែលបុរសខាងលើជិះម៉ូតូស៊េរីទំនើបធុនធំលឿន ជ្រុលទៅបុកម៉ូតូសង់របស់ស្ត្រីម្នាក់ដែលកំពុងតែបើកបញ្ជ្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៥ទៅលេខ២៦ ស្ថិតនៅក្នុងភូមិត្រពាំងស្ទង ឃុំស្នំក្រពើ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ស្រុកគងពិសីបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកBMV ស៊េរីទំនើប ផលិតនៅក្នុងឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CV9602 បើកបរដោយឈ្មោះ កែវសុវណ្ណ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិលេខ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិះម្នាក់ឯង ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤១ ក្នុងទិសដៅពីទិសខាងជើង ទៅទិសខាងត្បូង លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា C125.ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CN0410 បើកបរដោយឈ្មោះ កេស ស ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិបេង ឃុំស្ដុកស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជិះម៉ូតូម្នាក់ឯងពីទិសខាងត្បូងទៅទិសខាងជើង ក៏ស្រាប់តែបុកចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យខ្ទាតស្ត្រីខាងលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយបុរសម្នាក់ដែលបានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះជីវិត ប៉ុន្តែជាអកុសលបានស្លាប់នៅពាក់កណ្តាលផ្លូវ ។

នគរបាលស្រុកបានបន្តទៀតថា 1-ម្ចាស់ម៉ូតូC125ឈ្មោះ កេះស ភេទស្រី មានមួក ស្លាប់នៅកន្លែងកើតហេតុ ។ 2-ឈ្មោះកែវ សុវណ្ណ ភេទប្រុស អ្នកបើកបរម៉ូតូម៉ាក BmV របួសធ្ងន់ មានមួកសុវត្ថិភាព បញ្ជូនទៅភ្នំពេញដល់ពាក់ផ្លូវស្លាប់ ។

នគរបាលជំនាញបានបន្តថា មូលហេតុនាំឲ្យគ្រោះថ្នាក់: បណ្តាលមកពីម៉ូតូម៉ាកBMVបើកក្នុងល្បឿនលឿន ហើយជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ក្រោយកើតហេតុ សពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ចំណែកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ ៕ សេនា សក្តិ


ចែករំលែក៖