ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាបុគ្គលិកក្រុមហ៊ុនP.P.C.C(ប្លុកបឹងកក់) ធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ២គ្រឿង ពីបុគ្គលិកក្រុមហ៊ុនដូចគ្នា បានសម្រេចហើយព្យាយាមរត់គេចខ្លួន ត្រូវជនរងគ្រោះដឹងទាន់ចាប់ក្របួចរួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ករណីឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនP.P.C.Cនេះ បានធ្វើឡើងកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃច័ន្ទ៤រោចខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្នុងក្រុមហ៊ុនP.P.C.Cផ្លូវលេខR5(ប្លុកបឹងកក់) ភូមិទី៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឈៀង ស៊ន់ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកសន្តិសុខក្រុមហ៊ុនP.P.C.C មានទីលំនៅស្នាក់នៅក្នុងក្រុមហ៊ុនP.P.C.Cបឹងកក់ផ្លូវលេខR5 ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកបានមានះ ១.ទូរស័ព្ទដៃម៉ាកICaLLពណ៌ក្រហម(ជារបស់ជនរងគ្រោះឈ្មោះប៉ុល អឿនរ៉ាឈុង). ២.ទូរស័ព្ទដៃម៉ាកសាំស៊ុងពណ៌ស(ជារបស់ជនរងគ្រោះឈ្មោះអេង សំ) ត្រូវបានប្រគល់ជូនជនរងគ្រោះជាបណ្តោះអាសន្ន។ ចំណែកជនរងគ្រោះមាននាក់២នាក់ ទី១.ឈ្មោះប៉ុល អឿនរ៉ាឈុង ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនP.P.C.C ទី២.ឈ្មោះ អេង សំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនP.P.C.C អ្នកទាំង២នាក់ ស្នាក់នៅក្នុងក្រុមហ៊ុនP.P.C.C ទីតាំងកើតហេតុខាងលើ ។
សមត្ថកិច្ចបន្តទៀតថា ក្រោយឃាត់ខ្លួននិងធ្វើតេសទឹកនោម ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយបច្ចុប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា