ព័ត៌មានទាន់ហេតុការណ៍៖

ចំណេញ​ច្រើន​ ខាត​ច្រើន​ ,​ ស្ត្រី​៤នាក់​រកស៊ី​ចងការ​ប្រាក់​ ត្រូវ​កូន​បំណុល​បោក​លុយ​រាប់​ម៉ឺន​ដុល្លារ​

ចែករំលែក៖

ភ្នំពេញ​៖​ របរ​ចងការ​ប្រាក់​ ត្រូវ​បាន​ចាត់​ទុក​ថា​ មិន​ត្រឹមត្រូវ​តាម​ការ​កំណត់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឡើយ​ ដោយសារ​តែ​ពួកគេ​តែងតែ​កំណត់​​ការប្រាក់​លើស​ចំនួន​ និង​ ពុំ​មាន​លក្ខខណ្ឌ​ច្រើន​នោះ​ទេ​ ។ ដូច្នេះ​ដូច​ពាក្យ​ចាស់​បុរាណ​ពោល​ថា​ ចង់​ចំណេញ​ដាច់​ចំណង​ ឬ​ ចំណេញ​ច្រើន​ ខាត​ច្រើន​ដូចគ្នា​ ។
កាលពី​ល្ងាច​ថ្ងៃ​ទី​៥​ ខែ​មីនា​ ស្ត្រី​៤នាក់មាន​មុខ​របរ​ជា​អ្នក​រកស៊ី​ចងការ​ប្រាក់​បាន​ប្តឹង​នារី​ម្នាក់​ជា​គ្រូពេទ្យ​ ដោយ​ចោទប្រកាន់​ថា​ បាន​បោក​ប្រាស់​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​។
នគរបាល​ ឱ្យ​ដឹងថា ស្ត្រី​ឆបោក​រូប​នេះ​ឈ្មោះ​ សេង ធានី អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ មុខរបរជាគ្រូពេទ្យ។
ដោយឡែក អ្នកដាក់ពាក្យប្ដឹងមានគ្នា៤នាក់ ដែលសុទ្ធតែជាអ្នកចាញ់បោកស្គាល់អត្តសញ្ញាណ៣នាក់គឺមាន ទី១៖ ឈ្មោះ អ៊ុ សុភី អាយុ៣៨ឆ្នាំ មុខរបរលក់ដូរមានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ខាតបង់លុយអស់ចំនួន៤៤,៥០០ដុល្លារ​ ទី២៖ ឈ្មោះ សុខ រដ្ឋស្រីនួន អាយុ២៩ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ខាតបង់លុយអស់ចំនួន៣,០០០ដុល្លារ​ទី៣៖ ឈ្មោះ អ៊ូ ស្រីទូច អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅ៣ ខាតបង់អស់លុយចំនួន៤,០០០ដុល្លារ។
រីឯស្រ្តីម្នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះទេ ខាតបង់លុយអស់ចំនួន៣៥,០០០ដុល្លារ។ សរុបអ្នកទាំង៤នាក់ បានខាតបង់លុយចំនួន៨៦,៥០០ដុល្លារ ដែលត្រូវស្រ្តីខាងលើខ្ចីកាលពីឆ្នាំ២០១៧ខ្លះ និងដើមឆ្នាំ២០១៨ខ្លះ ហើយក៏នៅមានអ្នកផ្សេងមួយចំនួនទៀត ក៏បានចាញ់បោកស្រ្តីនោះដែរប៉ុន្តែអត់ទាន់ទៅប្ដឹងឡើយ។

បន្ទាប់ពីទារអត់បាន ពួកគាត់បានដាក់ពាក្យបណ្ដឹងទប់ស្កាត់ នៅសាលាសង្កាត់ចោមចៅ ឱ្យ​អាជ្ញាធរជួយទប់ស្កាត់ កុំ​ឱ្យ​កូនបំណុលលក់ផ្ទះដែរ ប៉ុន្តែទីបំផុតអាជ្ញាធរនៅតែស៊ីញ៉​ឱ្យ​ស្ត្រីនោះលក់ផ្ទះបាត់ដដែល៕ចេស្តា


ចែករំលែក៖