ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​កំពូល​ សវនាការ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ ថ្ងៃ​ទី​១៦មីនា​

ចែករំលែក៖

ភ្នំពេញ​៖ ​សំណុំរឿង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​នឹង​ត្រូវ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ខាង​មុខ​នេះ​ ​បើក​សវនាការ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​​។

មន្ត្រី​តុលាការ​ថ្លែង​ថា​ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ឃឹម​ ប៉ុណ្ណ​ អនុប្រធាន​តុលាការ​កំពូល​ និង​ លោក​ អ៊ុក​ គឹម​សិទ្ធិ​ អគ្គ​ព្រះរាជ​អាជ្ញា​រង​ ជា​តំណាង​មហា​អយ្យការ​។

គួរ​បញ្ជាក់​ថា​ មន្ត្រី​នគរបាលជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលសុំមិនបញ្ចេញឈ្មោះ បានទម្លាយប្រាប់បណ្តាញព័ត៌មាន ថា នៅពេលនេះសមត្ថកិច្ចបានរកឃើញភស្តុតាងថ្មីមួយទៀត នោះគឺរូបភាព និងវីដេអូរបស់ លោក អ៊ួន ឈិន អតីតបុគ្គលិកអាស៊ីសេរី ដែលបានចូលរួមថតវីដេអូសិចជាមួយបរទេសនៅក្នុងប្រទេសកម្ពុជា។

មន្ត្រី​នគរបាលជាន់ខ្ពស់ដដែលនោះបានបញ្ជាក់ថា រូបភាព និងវីដេអូសិចរបស់លោក អ៊ួន ឈិន ដែលជួនកាលលោកដើរតួជាអ្នកថត និងពេលខ្លះទៀត លោកដើរជាតួប្រុសក្នុងការសម្តែងនោះ ត្រូវបានសមត្ថកិច្ចរកឃើញ នៅក្នុងកុំព្យូទ័ររបស់ លោក អួន ឈិន តែម្តងដែលអាចកំណត់ជាបទល្មើសថ្មីមួយផ្សេងទៀត ដែលសហការជាមួយបរទេសធ្វេីឱ្យប៉ះពាល់ដល់សីលធម៌ខ្មែរ។ នេះគ្រាន់តែភស្តុតាងបទល្មេីសថ្មីក្នុងចំណោមបទជាច្រើនផ្សេងទៀត។

អតីត​បុគ្គលិក​អាស៊ីសេរី​២រូប​គឺ​លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុជាមេត្តា​ ត្រូវ​បាន​អាជ្ញាធរ​​ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះសំណាក់មួយឈ្មោះម៉ារ៉ាឌី ស្ថិតក្នុងរាជធានីភ្នំពេញ។

តំណាងអយ្យការអមសាលាដំបូងរាធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក​ អ៊ួន ឈិន​ និង​ លោក​ យាង សុជាមេត្តា ពីបទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិដែលបង្កឱ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ដែលបទល្មើសនេះ អាចប្រឈមនឹង ការកំណត់ទោសពី៧ឆ្នាំ ទៅ១៥ឆ្នាំ បច្ចុប្បន្នអ្នកទាំងពីរត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស៕ ចេស្តា


ចែករំលែក៖