ខេត្តស្ទឹងត្រែងៈ ដោយសារឃើញមានភាពអនាធិបតេយ្យ ដែលកើតចេញពីអ្នកលក់ដូរនៅលើដងផ្លូវសាធារណៈធ្វើឲ្យគ្មានការរៀបចំសណ្ដាប់ធ្នាប់នៅក្រុងស្ទឹងត្រែង និងបានជូនដំណឹងជាច្រើនលើកច្រើនសាមិនព្រមស្តាប់និងអនុវត្តតាមនោះ អាជ្ញាធរក្រុងស្ទឹងត្រែងបានប្រើចំណាត់ការដ៏ក្ដៅយកគ្រឿងចក្រឈូសឆាយបំផ្លាញទីតាំងនេះទាំងយប់ ។
ការប្រើចំណាត់ការក្តៅនេះអាជ្ញាធរបានប្រើគ្រឿងចក្រចូលឈូសឆាយសម្អាតកាលពីយប់ថ្ងៃថ្ងៃ ព្រហស្បតិ៍ ៧ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមីនា ២០១៨នេះ និងបន្តធ្វើរហូតដល់ក្រុមអាជីវករចាកចេញទៅលក់នៅទីតាំងផ្សារវិនិយោគ ដែលសាលាក្រុងស្ទឹងត្រែង បានរៀបចំរួចជាស្រេចចាំទទួលពួកគាត់នោះ។
លោក ដួង ពៅ អភិបាលរងខេត្តទទួលបន្ទុកផ្នែកបរិស្ថាន និងសណ្ដាប់សាធារណៈបានបញ្ជាក់ថា ក្រុមអ្នកលក់ដូរអនាធិបតេយ្យនៅលើដងផ្លូវខាងក្រោយមន្ទីរពេទ្យ និងតាមដងផ្លូវសួនច្បារត្រីប៉ាស៊ីអ៊ីតាមមាត់ទន្លេ មួយចំនួនមានតូបនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែងរួចទៅហើយ តែពួកគាត់មិនព្រមនៅលក់ទេ សុខចិត្តចេញមកលក់នៅខាងក្រៅលើដងផ្លូវ ដែលជាហេតុធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ប៉ះពាល់បរិស្ថាន និងបាត់បង់សោភ័ណភាពទីក្រុងយ៉ាងធ្ងន់ធ្ងរ។ កន្លងមកអាជ្ញាធរក្រុង បានជូនដំណឹងដល់ក្រុមអាជីវករលក់ដូរនៅលើដងផ្លូវសាធារណៈកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ និងទុកឱសានវាទនៅថ្ងៃទី៧ ខែមីនា ២០១៨ ព្រមទាំងបានអំពាវនាវដល់អាជីវករចូលរួមចំណែកជាមួយការចុះអនុវត្តរបស់អាជ្ញាធរក្រុងផងដែរ ។
យ៉ាងណាការចុះ ចុះរៀបចំសណ្ដាប់របស់អាជ្ញាធរក្រុងស្ទឹងត្រែងនាពេលនោះ បានធ្វើឲ្យក្រុមអ្នកលក់ដូរនៅលើដងផ្លូវមិនសប្បាយចិត្តទេ ហើយបានប្រើពាក្យដម្ដីជេរប្រមាថដល់កងកម្លាំង ដែលចុះអនុវត្តនោះយ៉ាងចាស់ដៃផងដែរ។ តែទោះបីជាមានការប៉ះទង្គិចពាក្យសម្ដីខ្លះៗពីក្រុមអាជីវករយ៉ាងក្ដី ក៏គេបានសង្កេតមិនឃើញមានការផ្ទុះអំពើហិង្សាកើតឡើងឡើយ។
សម្រាប់នៅព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០១៨ នេះ ក្រុមអាជីវករមួយចំនួនធំបានចាកចេញទៅលក់នៅផ្សារអូរឫស្សី និងខ្លះបានទៅលក់នៅផ្សារគីឡូ២ខ្លះៗហើយ។រីឯអ្នកមានតូបនៅក្នុងផ្សារសាមគ្គីស្ទឹងត្រែងវិញ ក៏បានវិលចូលទៅលក់ក្នុងផ្សារវិញដែរហើយ បើទោះជាមានខូចខាតទ្រព្យខ្លះក្នុងពេលអាជ្ញាធរប្រើធម៌ក្តៅដោយគ្រឿងចក្រក៏ដោយ ៕ សហការី