ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ភេម សុខន នាយសង្កាត់រដ្ឋបាលជលផលបាកានបើកដៃឲ្យជនជាតិវៀតណាមប្រើឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ

ចែករំលែក៖

ប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា មួយរយៈកន្លងទៅជនជាតិវៀតណាមប្រើឧបករណ៍នេសាទកែច្នៃខុស ច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបយ៉ាងអនាធិបតេយ្យ ហើយមន្ត្រីរដ្ឋបាលជលផល និង សមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនចាត់វិធានការបង្ក្រាបបទល្មើសនោះទេ ។

សេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា លោក ភេម សុខន នាយសង្កាត់រដ្ឋបាល ជលផលបាកានជាអ្នកឃុបឃិតឲ្យជនជាតិវៀតណាមប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិក្នុងបឹងទន្លេសាប យ៉ាងមហន្តរាយដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ការដែលលោក ភេម សុខន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយមានការឃុបឃិតបើកដៃ ពីសំណាក់លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ហើយលោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត ពោធិ៍

សាត់កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយយ៉ាងក្រអឺតក្រទម ។

ប្រជានេសាទជាកលក្ខណៈគ្រួសារនៅឃុំមេទឹក ស្រុកបាកានបានឲ្យដឹងថា ជន ជាតិវៀតណាមឈ្មោះ ចែង៉ាន់ និងបក្ខពួកបានធ្វើសកម្មភាពអូសយ៉ាំងកាវនៅចំណុចឡូត៍បម្រុងយ៉ាងគឃ្លើន ហើយមិនឃើញមន្ត្រីរដ្ឋបាលជលផលចាត់វិធានការទប់ស្កាត់នោះទេ។ កន្លងទៅនៅពេលពលរដ្ឋខ្មែរនេសាទជាលក្ខណៈគ្រួសារតែងតែត្រូវលោក ភេម សុខន នាយសង្កាត់រដ្ឋបាលជលផលបាកានចាត់វិធានការបង្ក្រាបដោយពុំមានការយោគយល់ឡើយដែលជាហេតុធ្វើឲ្យពលរដ្ឋខ្មែររិះគន់យ៉ាងខ្លាំង។ ដោយហេតុថា នៅពេលជនជាតិវៀតណាមឈ្មោះ ចែង៉ាន់ និងបក្ខពួកប្រើឧបករណ៍ខុសច្បាប់ប្រភេទយ៉ាំងកាវ ចាប់ត្រីនៅចំណុចឡូត៍បម្រុងជារៀងរាល់ថ្ងៃបែរជាមិនឃើញលោក ភេម សុខន ចាត់វិធានការបង្ក្រាបទាល់តែសោះ ។

បច្ចុប្បន្នបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបស្រុកបាកាន ស្រុកកណ្ដៀង និង ស្រុកក្រគរកំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយអ្នកប្រព្រឹត្តបទល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំភាគច្រើនជាជនជាតិវៀតណាម។ រហូតមកដល់ពេលនេះមិន ទាន់ឃើញលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលចាត់វិធានការបង្ក្រាបបទល្មើសនេសាទដែលកើតឡើងយ៉ាងពេញបន្ទុកក្នុងតំបន់បឹងទន្លេសាបនៃខេត្តពោធិ៍ សាត់នោះទេ ។

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ និងលោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ត្រូវបានគេដឹងថា ជាមេខ្លោងនៅពីក្រោយ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ ក៏ប៉ុន្តែមន្ត្រីទាំង២នាក់នេះនៅតែអាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដដែល ៕

 


ចែករំលែក៖