ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ កំពុង​សម្ងំ​ប្រមូល​លុយ​ពីបទ​ល្មើស​បំផ្លាញ​ព្រៃឈើ​

ចែករំលែក៖

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​។ ដោយហេតុថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ទេនោះ​គឺ​មន្ត្រី​បរិស្ថាន​នៅក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ការពារ ព្រៃ​អភិរក្ស​ដូច​សព្វថ្ងៃនេះ​ទេ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ច្រើន​គ្រឿង​ ដឹកជញ្ជូន​ឈើ​ប្រភេទ​ធ្នុង​ និង​រាជ​កុល ចេញពី​ឃុំ​អន្លង់​រាប យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ មួយផ្នែក​នៃ​ឈើ​រាជ​កុល ​និង​ឈើ​ធ្នុង​ដែល​ពួកឈ្មួញ ដឹកជញ្ជូន​ចេញពី​ស្រុក​វាលវែង នោះ​គឺជា​ឈើ​ដែល​កាប់​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​។

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ គឺ​លោក ប៉ាន់ មរកត អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ ព្រោះ​ទាល់តែ​ឈ្មួញ​បង់លុយ​តាម​ការកំណត់​ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ដោយ​មិន​ប្រឈម​ទៅនឹង​ការបង្ក្រាប​។ ប្រធានមន្ទីរបរិស្ថាន និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២​របស់​រាជរដ្ឋាភិបាល​នោះទេ​។ ជា​ការពិត​នៅពេលដែល​លោក ប៉ាន់ មរកត កំពុង​សម្រុក​ដឹកឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ យ៉ាង​គគ្រឹកគគ្រេង​ ប្រធានមន្ទីរបរិស្ថានខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​កើតឡើង​កាន់តែច្រើន​ថែមទៀត​ ៕


ចែករំលែក៖