ប្រភពពីមន្ត្រីរាជការក្នុងមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស តំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល និងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែបន្តកើតឡើងយ៉ាងពេញបន្ទុក ហើយលោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាអ្នកទទួលខុសត្រូវធំជាងគេ។ ដោយហេតុថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ទេនោះគឺមន្ត្រីបរិស្ថាននៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មិនហ៊ានឃុបឃិតឲ្យឈ្មួញចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារ ព្រៃអភិរក្សដូចសព្វថ្ងៃនេះទេ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះឈ្មួញបានប្រើប្រាស់រថយន្តយីឌុបធំៗច្រើនគ្រឿង ដឹកជញ្ជូនឈើប្រភេទធ្នុង និងរាជកុល ចេញពីឃុំអន្លង់រាប យ៉ាងពេញបន្ទុកដោយគ្មានមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ មួយផ្នែកនៃឈើរាជកុល និងឈើធ្នុងដែលពួកឈ្មួញ ដឹកជញ្ជូនចេញពីស្រុកវាលវែង នោះគឺជាឈើដែលកាប់ចេញពីតំបន់អភិរក្សជួរភ្នំក្រវាញភាគកណ្ដាល និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស។
តាមសេចក្ដីរាយការណ៍ពីមន្ត្រីក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា តាមរយៈការឃុបឃិតឲ្យឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង ស្រុកភ្នំក្រវាញ គឺលោក ប៉ាន់ មរកត អាចប្រមូលលុយបានយ៉ាងច្រើនក្នុងមួយខែៗ ព្រោះទាល់តែឈ្មួញបង់លុយតាមការកំណត់ទើបអាចដឹកជញ្ជូនឈើចេញពីព្រៃដោយមិនប្រឈមទៅនឹងការបង្ក្រាប។ ប្រធានមន្ទីរបរិស្ថាន និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ត្រូវប្រជាពលរដ្ឋរិះគន់ថាមិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសព្រៃឈើឲ្យស្របតាមបទបញ្ជាលេខ០០២របស់រាជរដ្ឋាភិបាលនោះទេ។ ជាការពិតនៅពេលដែលលោក ប៉ាន់ មរកត កំពុងសម្រុកដឹកឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ យ៉ាងគគ្រឹកគគ្រេង ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ នាំគ្នារក្សាភាពស្ងៀមស្ងាត់ទុកឲ្យបទល្មើសកើតឡើងកាន់តែច្រើនថែមទៀត ៕