ព័ត៌មានទាន់ហេតុការណ៍៖

ខាត់ សុឃីម ថាឈឺចាប់ក្រោយសិល្បៈបុរាណគេមិនសូវឲ្យតម្លៃ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីមបានផ្ញើសារឈឺចាប់មួយចំនួន ក្រោយពីនាងបានសង្កេតឃើញទម្រង់ទស្សនីយភាពសិល្បៈបុរាណ ប្រជាប្រិយខ្មែរ បច្ចុប្បន្នហាក់មិនទទួលបានការផ្តល់តម្លៃខ្លាំង ។

បច្ចុប្បន្នគេសង្កេតឃើញបទចម្រៀងបែបបែកស្លុយថ្មីៗជាច្រើន ពីគ្រប់ផលិតកម្មបានចាប់ផ្តើមសម្រុកចេញផ្សព្វផ្សាយជាបណ្តើរៗ ស្ទើរច្រើនលើសសប់ជាងបទចម្រៀងប្រជាប្រិយខ្មែរ ។

កន្លងទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់ធ្វើការកោះហៅអ្នកនិពន្ធ ពីគ្រប់ផលិតកម្មប្រយោជន៍ផ្សព្វផ្សាយណែនាំអំពីការបញ្ចេញបទចម្រៀងបែបសម័យបែកស្លុយ ដ៏ច្រើនលើសលប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប៉ុន្តែវិធានការនេះហាក់មិនមានប្រសិទ្ធភាពខណៈដែលស្ទើរគ្រប់ផលិតកម្មបានចាប់ផ្តើមបញ្ចេញបទចម្រៀង បែបញាក់កន្ត្រាក់អារម្មណ៍ និងបែកស្លុយជាច្រើនបន្តបន្ទាប់ដដែល ។

តារាចម្រៀងនិយមច្រៀងបទកន្ទ្រឹមខាត់សុឃីមបានបង្ហាញក្តីក្តីបារម្ភ និងអាណិតដល់សិល្បៈខ្មែរបុរាណ។ ស្រពការបារម្ភនេះតារាចម្រៀង ខាត់ សុឃីមបានបញ្ចេញស្នាដៃបទចម្រៀងថ្មី ដើម្បីក្រើនរំលឹកដល់ទស្សនិកជនពិសេសក្មេងៗ ជំនាន់ក្រោយឲ្យចាប់អារម្មណ៍ និងបទចម្រៀងបុរាណ និងប្រជាប្រិយខ្មែរផង ។

ស្នាបទថ្មីគឺបទ រងារ ដែលរៀបរាប់អំពីទម្រង់សិល្បៈខ្មែរដ៏សម្បូរបែប មិនត្រូវបានគេចាប់អារម្មណ៍ក្នុងកម្មវិធីនានាទាំងកម្មវិធីសាធារណៈ និងលើកញ្ចក់ទូរទស្សន៍។ នាងក៏បានបង្ហញអារម្មណ៍ឈឺចាប់ខ្លាំងក្រោយពីស្នាដៃបទចម្រៀងបុរាណ និងប្រពៃណីមិនត្រូវបានគេយកចិត្តទុកដាក់ដូចទម្រង់សិល្បៈសម័យ។

តារាពហុជំនាញអ្នកនាងខាត់សុឃីមនិយាយថា នាងសន្សំចិត្តយូរហើយនឹងនិយាយ អំពីបញ្ហានេះព្រោះតែកន្លងមកទម្រង់សិល្បៈបុរាណ ត្រូវបានគេបោះបង់ និងមិនយកចិត្តទុកដាក់ដែលសូម្បីតែក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរខ្លួនឯង។ នាងនិយាយថា ប៉ុន្មានឆ្នាំចុងក្រោយនេះឲ្យតែដល់ថ្ងៃបុណ្យ ថ្ងៃទាន អត់មានបទសម្រាប់កម្មវិធីជាតិខ្លួនឯងទេ ។

អ្នកនាងលើកឡើងថា បើសង្កេតមើលក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍វិញ គឺគេបានបញ្ចប់កម្មវិធីទម្រស់សិល្បៈខ្មែរបាត់ទៅហើយ គឺនៅមានតិចតួចប៉ុណ្ណោះ។ នាងថា ការមិនមានកម្មវិធីនេះ បានធ្វើឲ្យគ្រូជំនាញសិល្បៈខ្មែរមួយចំនួនបោះបង់ការងារបង្ហាត់បង្រៀនខ្លះ ទៅរស់ម៉ូតូឌុប ធ្វើស្រែចម្ការព្រោះគ្មានសិស្សរៀន និងមិនមានទីផ្សារខ្ពស់ដូចសិល្បៈសម័យ ។ នាងថាកន្លងមកនាងធ្លាប់បើកឲ្យមានការរៀនជំនាញភ្លេងប្រពៃណី(ភ្លេងការ)ដោយមិនយកប្រាក់ប៉ុន្តែគ្មានអ្នកមករៀនព្រោះគេមិនចាប់អារម្មណ៍។

នាងបញ្ជាក់ថា ភ្លេងសម័យយ៉ាងហោចណាស់ ក៏មានឆាកត្រឹមត្រូវម្លៃពី៧០០ទៅ៨០០ដុល្លារអាមេរិក រីឯភ្លេងខ្មែរវិញ២០០ទៅ៣០០គេតថ្លៃ ហើយបើនិយាយពីក្រុមភ្លេងពិណពាទ្យវិញកាន់តែមិនត្រូវបានគេយកចិត្តទុកដាក់ក្នុងគ្រាចូលរួមលេងក្នុងកម្មវិធីម្តងៗ។ នាងបញ្ជាក់ថានាងឈឺចាប់ និងបាក់ទឹកចិត្តពេលឃើញសិល្បករខ្មែរមួយចំនួនឈឺថ្កាត់លើកដៃសុំជំនួយព្រោះអីព្រោះគ្មានទីផ្សារ គ្មានការងារសមរម្ភ។

តារាស្រីល្បីឈ្មោះរូបនេះ លើកឡើងថា ការបញ្ចេញអារម្មណ៍ពិតនៅពេលនេះគឺមិនដើម្បីតែខ្លួននាង និងគ្រួសារទេ គឺដើម្បីសិល្បៈជាតិ ហើយនាងមិនដឹងថាត្រូវនិយាយអ្វីឲ្យអស់ពីទំហំទឹកចិត្តនិងគួរនិយាយអ្វី ឲ្យមហាជនបានយល់អំពីអារម្មណ៍នាងនៅពេលនេះនោះទេ ៕ វឌ្ឍនា


ចែករំលែក៖