ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនបុរស២នាក់ យកមកអប់រំបន្ទាប់ពីពួកគេបានបើករថយន្តធុនធំ១គ្រឿងតាមផ្លូវហាមឃាត់ហើយ ក៏មានទំនាស់បន្តិចបន្ទូចជាមួយនិងនគរបាលចរាចរ ។
ករណីនេះបានកើតឡើងកាលពីយប់ ថ្ងៃ សុក្រ ៨ រោច ខែ ផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែ មីនា ឆ្នាំ ២០១៨ វេលាម៉ោង១០និង៣០នាទីនៅចំណុចក្នុងក្រុមហ៊ុនស្តុបហ្គាស ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សមត្ថកិច្ចប្រាប់ថា បុរសដែលឃាត់ខ្លួនយកមកអប់រំនោះ១ឈ្មោះ នៅ វុន អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅក្នុងក្រុមហ៊ុនមានស្រុកកំណើត ភូមិតាឡាក ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ២ឈ្មោះ ឃុត ដា អាយុ១៨ ឆ្នាំមុខរបរសន្តិសុខឯកជន ស្នាក់នៅក្នុងក្រុមហ៊ុនមានស្រុកកណើត ភូមិហោង ឃុំថ្ពង ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពពីនគរបាលចរាចរខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលម៉ោងកើតហេតុខាងលើដោយមានបទបញ្ជាពីថ្នាក់លើឲ្យកម្លាំងចុះត្រួតពិនិត្យរថយន្តធុនធំដែលបើកឆ្លងកាត់តាមផ្លូវមួយចំនួនដែលហាមឃាត់ពេលនោះកម្លាំងនគរបាលផ្នែកចរាចរបានដាក់គោលដៅតាមថ្នាក់លើដែលបានកំណត់ពេលនោះ ក៏មានរថយន្ត១គ្រឿង ជាប្រភេទរថយន្តធុនធំ ក្បាលពណ៌សពាក់ស្លាលេខ ស្វាយរៀង 3A.0755 បើកបរដោយបុរសម្នាក់ឈ្មោះ នៅ វុន អាយុ២៩ឆ្នាំ និងអ្នករួមដំណើរ៣ទៅ៤នាក់ បើកឆ្លងកាត់តាមផ្លូវ២០១១ កែងនឹងផ្លូវសម្តេចជាសុីម ។ ពេលនោះកម្លាំងនគរបាលចរាចរ ក៏ហៅរថយន្តនោះឲ្យឈប់ដើម្បីយកទៅអធិការនគរបាលខណ្ឌណែនាំ ។
សមត្ថកិច្ចបន្តថា ពេលនោះមន្ត្រីនគរបាលចរាចរម្នាក់បានឡើងជិះរថយន្តទៅជាមួយ នឹងអ្នកបើកបរក្នុងបំណងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌលុះបើកមកដល់ផ្លូវបំបែកស្តុប២៤ម៉ោង ផ្លូវសម្តេចជាសុីមស្រាប់តែអ្នកបើកបរបួងចង្កូតរថយន្តសំដៅចូលទៅក្នុងក្រុមហ៊ុនទៅវិញ ហើយសន្តិសុខម្នាក់ឈ្មោះ ឃុត ដា អាយុ១៨ ឆ្នាំ បានទាញទ្វារបិទជាប់មន្ត្រីនគរបាលចរាចរម្នាក់នៅទីនោះ ។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ក្រោយពីកម្លាំងរបស់លោកបានរាយការណ៍ពាក់ព័ន្ធនិងករណីខាងលើលោក ក៏បញ្ជាឲ្យនាំខ្លួនអ្នកបើកបរ និងសន្តិសុខនោះរួមនឹងរថយន្តមកអធិការដ្ឋានហើយអប់រំហើយ ក៏ឲ្យត្រឡប់ទៅផ្ទះវិញ៕ តុង សីហា